ព្រឹកថ្ងៃទី១០ ខែធ្នូ នេះ វ៉ាក់សាំង Astra Zeneca ចំនួន២៩០,៤០០ដូសទៀតនឹងដឹកមកដល់កម្ពុជា តាមរយៈយន្តការ COVAX


 (ភ្នំពេញ)៖ កម្មវិធីកូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក (WHO) នឹងផ្តល់វ៉ាក់សាំង អាស្ត្រាហ្សេណេកា (Astra Zeneca) ចំនួន ២៩០,៤០០ដូសថែមទៀតដល់កម្ពុជា។

បើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានបញ្ជាក់ប្រាប់ វ៉ាក់ សាំង ទាំងនេះ នឹងត្រូវដឹកមកដល់កម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩៖៣៥ នាទី ព្រឹកនេះ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា ធ្លាប់ជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលទទួល បានវ៉ាក់សាំងកូវីដ១៩ ពីអង្គការសុខភាពពិភពលោក (WHO) តាមរយៈកម្មវិធីកូវ៉ាក់ (COVAX)។ ការទទួលបានវ៉ាក់សាំងលើកទី១នោះ ក៏ជាប្រភេទអាស្ត្រាហ្សេណេកា ផងដែរ ដែលត្រូវបានដឹក មកដល់កម្ពុជានាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ដែលមានចំនួន ៣២៤,០០០ ដូស។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់ប្រកាសថា កម្ពុជាទទួលបានវ៉ាក់សាំង កូវីដ១៩ តាមរយៈកម្មវិធីកូវ៉ាក់នេះរហូតដល់ទៅ៧លានដូសឯណោះ។

មជ្ឈមណ្ឌលកូវ៉ាក់ គឺជាយន្តការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង អង្គការសុខភាពពិភពលោក និងអង្គការអភិវឌ្ឍន៍អន្តរជាតិនានា ដើម្បីស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺ កូវីដ១៩ ជូនដល់ប្រទេសក្រីក្រ និងប្រទេសអភិវឌ្ឍន៍តិចតួច។

ប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ដែលត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់កំណត់ជាប្រទេសត្រូវផ្តល់នូវ ជំនួយវ៉ាក់សាំង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។ មជ្ឈមណ្ឌលកូវ៉ាក់ បានកំណត់ ផ្តល់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ប្រមាណ៦.៦លានដូសមកដល់ប្រទេសកម្ពុជាក្នុងជំហានដំបូង។

មកដល់ពេលនេះវ៉ាក់សាំងប្រមាណជិត ៣លានដូសហើយ ដែលកូវ៉ាក់ បានបញ្ជូនមកដល់ប្រទេស ប្រទេសកម្ពុជា។

ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្ត្រចម្បងមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ ចេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជារកបាន វ៉ាក់សាំងសរុបជាង៤០លានដូស។ ក្នុងនោះជាង ៣០លានដូសជាវ៉ាក់សាំង ដែលកម្ពុជាបាន បញ្ជាទិញពីប្រទេសចិន៕