ក្រសួងប្រៃសណីយ៍នឹងបំពាក់ឧបករណ៍ និងកម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងអ៊ីនធឺណិត នៅទូទាំងប្រទេស, បើសេវាមិនត្រឹមត្រូវ អ្នកប្រើប្រាស់ អាចប្តឹងទារសំណងពីក្រុមហ៊ុន


 (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការគ្រោងនឹងបំពាក់ឧបករណ៍ និងកម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងអ៊ីនធឺណិត នៅទូទាំងប្រទេស។

បើតាមសេចក្តីប្រកាសព័ត៌មានដែលទទួលបាននៅព្រឹកថ្ងៃទី១០ ខែធ្នូនេះ បានបញ្ជាក់ថា នាពេល ខាងមុខនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងដំឡើងឧបករណ៍និងដាក់ឱ្យប្រើប្រាស់ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍ ដើម្បីលើកកម្ពស់គុណភាពសេវាទូរសព្ទនិងអ៊ីនធឺ ណិត និងការពារផលប្រយោជន៍សាធារណៈ ក៏ដូចជាជំរុញការធ្វើអាជីវកម្មក្នុងវិស័យទូរគមនា គមន៍ ប្រកបដោយសុចរិតភាពនិងការទទួលខុសត្រូវខ្ពស់។

ឧបករណ៍ និងកម្មវិធីវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍នេះ ប្រើប្រាស់បច្ចេកវិទ្យាទំនើបចុង ក្រោយ ផលិតដោយក្រុមហ៊ុននៅសាធារណរដ្ឋកូរ៉េ សាធាណរដ្ឋសហព័ន្ធអាឡឺម៉ង់ និងចក្រភព អង់គ្លេស ដើម្បីជាជំនួយបន្ថែមសម្រាប់ក្រុមការងារប្រតិបត្តិ ចុះទៅគ្រប់រាជធានីខេត្តទូទាំងប្រទេស ក្នុងការវាស់ស្ទង់ តាមដាន វាយតម្លៃនិងចេញផ្សាយរបាយការណ៍ត្រួតពិនិត្យគុណភាពសេ វាទូ រគមនាគមន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍និងបទប្បញ្ញត្តិ ពាក់ព័ន្ធ។ នៅពេលដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍ តាមប្រព័ន្ធ Mobile App នេះ ប្រជាពលរដ្ឋអាចចូលរួមចំណែកជាមួយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) ក្នុងការវាស់ស្ទង់គុណភាពសេវាទូរសព្ទ ដោយស្វ័យប្រវត្តិនិងអាចផ្ទៀងផ្ទាត់ ដោយខ្លួនឯងនូវល្បឿនអ៊ីនធឺណិត ដែលបានជាវពីប្រតិបត្តិ ករទូរគមនាគមន៍ ថាតើត្រឹមត្រូវឬទេ។

ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនា គមន៍កម្ពុជា នឹងផ្តល់កិច្ចសហការនិងប្រឹក្សាយោបល់ផ្នែកច្បាប់ នៅពេលអ្នកប្រើប្រាស់ មានបំណង ប្តឹងទាមទារការខាតបង់ និងសំណងពីប្រតិបត្តិករទូរគមនាគមន៍៕