(ប៉េកាំង)៖ យោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ បានអោយដឹងថា ក្រសួងពាណិជ្ជកម្មចិនបាន ឱ្យដឹងថា ពាណិជ្ជកម្មចិនរវាងប្រទេសចិន និងរុស្ស៊ី មាន កំណើនដ៏រឹងមាំនៅឆ្នាំនេះ ដោយពាណិជ្ជ កម្មទំនិញទ្វេភាគីបានកើនឡើងដល់បរិមាណខ្ពស់បំផុតគឺ ១១៥,៦ប៊ីលានដុល្លារក្នុងរយៈពេល ១០ខែដំបូងក្នុងឆ្នាំនេះ។
លោក Shu Jueting អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិនបានថ្លែងក្នុងសនិ្នសីទមួយថា ការ វិនិយោគផ្ទាល់របស់ចិនក្នុងប្រទេសរុស្ស៊ីបានកើឡើង ៣៩,១ភាគរយក្នុងអំឡុងពេល១០ខែនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក Shu បានថ្លែងថា ចិននិងរុស្ស៊ីកំពុងបង្កើតវឌ្ឍនភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើ ចង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្ម ពន្លឿនកិច្ចសហប្រតិបត្តិការវិស័យដែលកំពុងស្ទុះងើបនានា និង ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីទៅវិញទៅមក។
ដោយលើកឡើងពីកិច្ចប្រជុំជាប្រចាំលើកទី២៦ រវាងនាយករដ្ឋមន្ត្រីចិនលោក Li Keqiang និង នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin ដែលធ្វើឡើងតាមវីដូអូខុនហ្វឺរេន លោក Shu បានថ្លែងថាកិច្ចប្រជុំនេះបង្កើតកម្លាំងចលករថ្មីទៅក្នុងការបង្កើតភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយចិន-រុស្ស៊ីក្នុងយុគសម័យថ្មី។
ទីភ្នាក់ងារព័ត៌មានស៊ិនហួបានរាយការណ៍ថា ភាគីទាំងពីរនឹងពង្រឹងបន្ថែមទៀតចំពោះយន្តការកិច្ច សហប្រតិបត្តិការអន្តររដ្ឋាភិបាល បង្កើនការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេផាគី និងលើកកម្ពស់ និងធ្វើឱ្យកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យផ្សេងៗកាន់តែស៊ីជម្រៅ៕