(វៀងចន្ទន៍)៖ យោងតាមកាសែត Global Times គឺ មេដឹកនាំកំពូលរបស់ប្រទេសចិន និងឡាវ នឹងជួបប្រជុំគ្នាតាមរយៈវីដេអូនៅថ្ងៃសុក្រ នេះដើម្បីសម្ពោធដាក់ដំណើរការផ្លូវរថភ្លើងចិន-ឡាវ ដែលរំពឹងថាមិនត្រឹមតែនឹងបង្កើនការតភ្ជាប់ រវាងប្រទេសឡាវ និងប្រទេសផ្សេងទៀតនោះទេ ប៉ុន្តែ ក៏នឹងផ្តល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍ តំបន់ផងដែរ។
ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាតនឹងផ្លូវ (BRI) ផ្លូវរថភ្លើងប្រហែល ១.០៣៥គីឡូម៉ែត្រនេះ នឹងផ្ជាប់ទីក្រុង Kunming របស់ខេត្តយូណាន និងរដ្ឋធានីវៀងចន្ទន៍របស់ប្រទេសឡាវ។
យោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួរ ផ្លូវរថភ្លើងនេះមានស្ថានីយចំនួន ១១កន្លែងនៅផ្នែកខាង ប្រទេសចិន និងចំនួន ១០នៅផ្នែកខាងប្រទេសឡាវ ដែលមានប្រវែង៤០៩គីឡូម៉ែត្រ។ ដោយមានល្បឿន ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង រថភ្លើងនេះនឹងកាត់បន្ថយរយៈចម្ងាយធ្វើដំណើរ រវាងទីក្រុងវៀងចន្ទន៍ និងព្រំដែនចិន-ឡាវ ពីរយៈពេល ២ថ្ងៃមកនៅត្រឹមតែ ៣ម៉ោងប៉ុណ្ណោះ ហើយ ការធ្វើដំណើរពីទីក្រុងវៀងចន្ទន៍ទៅកាន់ទីក្រុង Kunming អាចចំណាយពេលត្រឹមតែមួយយប់ ប៉ុណ្ណោះ។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបទេសចិនបានថ្លែងក្នុងសន្និសីទមួយថា វាជាព្រឹត្តិការណ៍ដ៏អស្ចារ្យនិងរីករាយដែលមានប្រមុខរដ្ឋទាំងពីរធ្វើជាគណៈអធិបតីក្នុងកម្មវិធីបើកសម្ពោធដំណើរការរថភ្លើងនេះ។
លោក Wang បានកត់សម្គាល់ថា ប្រទេសចិនជឿជាក់ថា រថភ្លើងនេះនឹងជួយដល់ប្រទេសឡាវឱ្យ សម្រេចបានយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការប្រែក្លាយពីប្រទេសគ្មានច្រកសមុទ្រ (landlocked country) ទៅជាមជ្ឈមណ្ឌលដែលភ្ជាប់តាមដីគោក (land-linked hub) ពន្លឿនការសាងសង់ សហគមន៍សម្រាប់អនាគតរួមគ្នារវាងប្រទេសទាំងពីរ ផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនរបស់ប្រទេស ទាំងពីរ ជំរុញការតភ្ជាប់និងភាពស៊ាំចង្វាក់ផ្គត់ផ្គង់ និងចូលរួមចំណែកដល់ការអភិវឌ្ឍន៍ និងវិបុល ភាពក្នុងតំបន់។ លោក Xu Liping នាយកមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៅសាលាបណ្ឌិតវិទ្យា សាស្រ្តសង្គមចិន បានព្យាករថា រថភ្លើងនេះភាគច្រើននឹងដឹកជញ្ជូនទំនិញនៅក្នុងតំណាក់កាល ដំបូងនៃប្រតិបត្តិការរបស់ខ្លួន ដោយសារស្ថានភាពរាតត្បាតជំងឺកូវីដ-១៩ ដែលបានបង្កឱ្យការធ្វើ ដំណើអន្តរជាតិជាប់គាំង។
លោក Gu Xiaosong ព្រឹទ្ធបុរសប្រចាំវិទ្យាស្ថានស្រាវជ្រាវអាស៊ាននៃសាកលវិទ្យាល័យainan Tropical Ocean University ប្រាប់កាសែត Global Times កាលពីថ្ងៃពុធថា ការបញ្ចប់ខ្សែរថភ្លើង នេះបង្ហាញពីសុបិនក្លាយជាការពិតសម្រាប់ប្រជាជនក្នុងប្រទេសឡាវ ដែលខ្វះខាតហេដ្ឋារចនា សម្ព័ន្ធ។ លោកថ្លែងថា «ទំនិញរួមទាំងវត្ថុធាតុដើម និងផលិតផលកសិកផលស្រស់ អាចត្រូវបានដឹក ជញ្ជូនទៅកាន់ប្រទេសចិន ហើយក្រោយមកដឹកទៅកាន់អឺរ៉ុបតាមរយៈបណ្តាញរថភ្លើង ដែលនឹង ចាក់បញ្ចូលកម្លាំងចលករថ្មីមួយមិនត្រឹមតែទៅក្នុងសេដ្ឋកិច្ចក្នុងស្រុកឡើង ប៉ុន្តែថែមទាំងដល់ ប្រទេសផ្សេងទៀតក្នុងតំបន់ផ្សេងទៀតផងដែរដូចជាប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី និងមីយ៉ាន់ម៉ា ជាដើម»៕