រដ្ឋមន្ត្រីទេសចរណ៍ បានលើកឡើងថា ការអភិវឌ្ឍថ្មីៗ និងការទប់ស្កាត់កូវីដបានល្អ ជាកត្តាទាក់ទាញ ភ្ញៀវទេសចរឱ្យមកខេត្តព្រះសីហនុ


 (ព្រះសីហនុ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា មានកត្តាជាច្រើន ដែលបានចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តព្រះសីហនុ ក្នុងនោះមានដូចជាការ សម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាជន និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ការ អភិវឌ្ឍទីក្រុងវៃឆ្លាត សមិទ្ធផលផ្លូវទាំង៣៤ខ្សែ និងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធថ្មីៗ សណ្ដាប់ធ្នាប់ សោភ័ណសមុទ្រ-ឆ្នេរ-កោះ ការរៀបចំព្រឹត្តិការណ៍អន្តរជាតិនានា និងលក្ខណសម្បត្តិជាច្រើនទៀត។

ក្នុងពេលចុះត្រួតពិនិត្យមូលដ្ឋានអាជីវកម្មនៅតាមឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ ល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ លោករដ្ឋមន្ត្រី ថោង ខុន បានផ្ដល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានយ៉ាងដូច្នេះថា ខេត្តព្រះសីហនុគឺជាគោលដៅទេសចរណ៍ដ៏ពិសេសមួយសម្រាប់ការបើកទទួលទេសចរណ៍វ៉ាក់សាំង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសទទួលទេសចរឡើងវិញ។

លោករដ្ឋមន្ត្រីបានលើកហេតុផលចម្បងៗថា គោលដៅខេត្តព្រះសីហនុ គឺមានលក្ខណសម្បត្តិគ្រប់ គ្រាន់ក្នុងការទទួលភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងរួចរាល់ ជាគោលដៅសុវត្ថិភាពស្របតាមសូចនាករ គោលដែលក្រសួងទេសចរណ៍បានដាក់ចុះ ក្នុងនោះរួមមាន៖

* សូចនាករទី១៖ នៅក្នុងគោលដៅទេសចរណ៍សុវត្ថិភាពនីមួយៗ ប្រជាជនត្រូវចាក់វ៉ាក់សាំង២ដូស យ៉ាងហោចឱ្យបាន៨០%។ លោកថា នៅក្រុងព្រះសីហនុនេះមានប្រជាជនដែលបានទទួលការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន២ដូសដល់ទៅ១០០% អ្នកខ្លះក៏បានចាក់ដល់ទៅ៣ដូសទៅ ទៀត។ នេះជាមូលដ្ឋានគ្រឹះមួយដែលផ្ដល់ជាសញ្ញាដ៏រឹងមាំក្នុងការជឿទុកចិត្តរបស់ភ្ញៀវទេសចរ។

* សូចនាករទី២៖ នៅក្នុងគោលដៅទេសចរណ៍សុវត្ថិភាពនីមួយៗ គេពិនិត្យទៅលើអត្រានៃអ្នកឆ្លង និងអ្នកដែលស្លាប់ដោយសារកូវីដ គឺមានការថយចុះដែរឬទេ។ ជាក់ស្ដែងនៅខេត្តព្រះសីហនុ គឺមានការគ្រប់គ្រងការរីករាលដាលជំងឺនេះបានល្អណាស់ ដែលមិនមានហានិភ័យនោះឡើយ។

* សូចនាករទី៣៖ ត្រូវរៀបចំលក្ខណសម្បត្តិខាងផ្នែកសុខាភិបាលនៅតាមគោលដៅនីមួយៗ គឺត្រូវ មានមន្ទីរពេទ្យ មន្ទីរពិសោធន៍ មានមធ្យោបាយសម្រាប់ព្យាបាលនៅពេលមានករណីឆ្លង។ ឯកឧត្តម ថា នៅខេត្តព្រះសីហនុក៏ដូចជានៅរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺធ្វើកិច្ចការនេះបានល្អ។

* សូចនាករទី៤៖ នៅក្នុងគោលដៅទេសចរណ៍សុវត្ថិភាពនីមួយៗ ផ្នែកឯកជនត្រូវត្រៀមលក្ខណ សម្បត្តិក្នុងការទទួលភ្ញៀវទេសចរ ក្នុងនោះមូលដ្ឋានអាជីវកម្មទាំងអស់ តើមានលក្ខណសម្បត្តិ សម្រាប់ទទួលភ្ញៀវទេសចរបានហើយឬនៅ។ ជាក់ស្ដែង អ្នកធ្វើការនៅក្នុងមូលដ្ឋានអាជីវកម្មទាំង អស់នៅក្នុងគោលដៅក្រុងព្រះសីហនុ គឺបានចាក់វ៉ាក់សាំង១០០%គ្រប់គ្នាហើយ។

ឯកឧត្តម បានបន្តទៀតថា ផ្អែកលើសូចនាករទាំងនេះហើយ ដែលកម្ពុជាហ៊ានផ្សព្វផ្សាយចេញទៅ ក្រៅប្រទេស ក្នុងនោះភ្ញៀវទេសចរក៏បានចាប់ផ្ដើមធ្វើដំណើរចូលមកកម្ពុជាកាន់តែច្រើនឡើងៗ។ លោកថា ចាប់តាំងពីសម្ដេចតេជោនាយករដ្ឋមន្ត្រីប្រកាសបើកប្រទេសមក ជនបរទេសដែលបាន ចូលមកតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានការកើនឡើងរហូតដល់ជាង៧០០នាក់ក្នុងមួយ ថ្ងៃ ក្នុងនោះមានទាំងអ្នកដំណើរ និងភ្ញៀវទេសចរ។ នៅទូទាំងប្រទេស គឺមានការកើនឡើងជើង ហោះហើររហូតដល់២៨ជើងក្នុងមួយថ្ងៃ ក្នុងនោះនៅអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះ សីហនុ ក៏បានកើនឡើង៩ជើងក្នុងមួយថ្ងៃផងដែរ។

ឯកឧត្តម ថោង ខុន បន្តលើកឡើងថា ភ្ញៀវទេសចរនឹងមកទស្សនាខេត្តព្រះសីហនុកាន់តែច្រើន ក៏ព្រោះកម្ពុជានឹងមានរៀបចំព្រឹត្តិការណ៍អន្តរជាតិជាច្រើន ដូចជា នៅថ្ងៃទី១២-១៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រណាំងទូកក្ដោងជម្រើសជើងឯកអាស៉ីអាគ្នេយ៍ ដែលព្រឹត្តិការណ៍កីឡានេះនឹងរៀបចំនៅសមុទ្រនៃក្រុងព្រះសីហនុ។ មកដល់ពេលនេះ អ្នក ដែលបានចុះឈ្មោះចូលរួម រួមមាន សិង្ហបុរី ម៉ាឡេស៉ី ថៃ រួមទាំងកម្ពុជាផង។
ឯកឧត្តម បានបន្តថា នៅថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ខាងមុខដែរ កម្ពុជាទទួលរៀបចំព្រឹត្តិ ការណ៍វេទិកាទេសចរណ៍អាស៊ាន (ATF2022) ដោយក្នុងនោះកម្ពុជាបានអញ្ជើញរដ្ឋមន្ត្រីទេស ចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១០ រួមទាំង មានអ្នកចូលរួមសរុបប្រមាណ៦០០នាក់។

ម្យ៉ាងវិញទៀត នៅចុងឆ្នាំ២០២២ កម្ពុជាក៏នឹងទទួលរៀបចំមហាសន្និបាតក្លឹបឆ្នេរអន្តរជាតិ និងការ រៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តព្រះសីហនុនេះទៀតផងដែរ។ ក្រៅពីនេះនឹងមានព្រឹត្តិ ការណ៍ទេសចរណ៍ជាច្រើនទៀត៕