(ហាណូយ)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters បានអោយដឹងថា ប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋបានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសវៀតណាមនឹង ផ្អាកជើងហោះហើរ ទៅកាន់ និងមកពីប្រទេសអាហ្វ្រិកចំនួន៧ ជុំវិញការព្រួយបារម្ភអំពីការរីករាល ដាលនៃវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron។ កាសែត Lao Dong News បានរាយការណ៍ថា អាជ្ញាធរអាកាសចរណ៍ ស៊ីវិលវៀតណាម បានយល់ព្រមលើការផ្អាកនេះ ដោយមិនបានបញ្ជាក់ថា វិធានការនេះនឹងចូល ជាធរមាននៅពេលណានោះទេ។
ក្រសួងសុខាភិបាលកាលវៀតណាមពីថ្ងៃអាទិត្យបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធផ្អាកជើងហោះហើរទាំងអស់ទៅ និងមកពីប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក រួមមានដូចជាប្រទេសអាហ្វ្រិកខាងត្បូង បូតស្វា ណា ណាមីប៊ី ហ្ស៊ីមបាវ៉េ អេវ៉ាទីនី ឡេសូតូ និងប្រទេសម៉ូសំប៊ិក។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៤,៥០៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ គិតត្រឹមយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំង ប្រទេសចំនួន ១,២៥២,៥៩០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩៩២,៣០៥២នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៥,៤៤៨នាក់៕