អ្នកជំនាញសិង្ហបុរី បានអោយដឹងថា «Omicron ទំនងជាអាចចម្លងលឿនជាង Delta ប៉ុន្តែពុំទាន់មាន ភស្តុតាងបញ្ជាក់ ថា វាអាចបង្កឲ្យឈឺធ្ងន់ឡើយ»


 (សិង្ហបុរី)៖  តាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ ២០២១បានអោយដឹងថា ក្រុមអ្នកជំនាញសុខាភិបាលបាននិយាយថា វាដូចជាលឿនពេកហើយ ដើម្បីដឹងឱ្យប្រាកដថា តើការដាក់ចេញវិធានការរឹតត្បិតឡើងវិញ ពិតជាចាំបាច់បន្ទាន់ ក្នុងការទប់ ស្កាត់វីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) នៅក្នុងប្រទេសសិង្ហបុរី ឬក៏យ៉ាងណាទេ ប៉ុន្តែក្នុងករណីចាំបាច់ ការរឹតត្បិតលើការធ្វើដំណើរ និងការរក្សាគម្លាតសុវត្ថិភាព គឺជាវិធានការ ដ៏មានប្រសិទ្ធភាព។

បើតាមសាស្ត្រាចារ្យរង លោកស្រី ណាតាហ្សា ហូវើដ (Natasha Howard) មកពីវិទ្យាស្ថានសុខា ភិបាលសាធារណៈ នៃសាកលវិទ្យាល័យសិង្ហបុរីឲ្យដឹងថា វីរុសបំប្លែងថ្មី Omicron ទំនងជាអាច ចម្លងជំងឺបានលឿនរហ័សជាងវីរុសបំប្លែងថ្មី Delta ហើយនេះមានន័យថា Omicron អាចនឹងធ្វើឱ្យ ករណីឆ្លង COVID-19 កើនឡើងជាថ្មី។ ប៉ុន្តែមិនទាន់មានភស្ដុតាងបញ្ជាក់ថា តើ Omicron អាចធ្វើឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ឬក៏យ៉ាងណាឡើយ។

លោកស្រី Natasha Howard បានបញ្ជាក់ដូច្នេះថា «យើងមិនទាន់មានព័ត៌មានគ្រប់គ្រាន់ពីវីរុស COVID-19 បំប្លែងថ្មី Omicron ដើម្បីបញ្ជាក់ថាវីរុសបំប្លែងថ្មីនេះមាន ភាពកាចសាហាវកម្រិតណាទេ ឬក៏ថាតើវិធានការរឹតត្បិតបន្ថែមពិតជាចាំបាច់បន្ទាន់នោះដែរ…តែវិធានការដែលមានស្រាប់គួរតែត្រូវបានបន្តអនុវត្តរហូតដល់មានភស្ដុតាង សមហេតុផលក្នុងការដាក់ចេញវិធានការរឹតត្បិតបន្ថែម»