ខេត្តកោះកុង ÷ ក្រោយមានការចុះផ្សាយតាមបណ្ដាញសង្គមនានាជាច្រើនលើក ទៅលើ ករណី បំពានចំណីព្រែកតាមបណ្តោយព្រែកកោះប៉ោ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ឃើញថានៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរស្រុកមណ្ឌលសីមា និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះទៅធ្វើការត្រួតពិនិត្យនៅលើទីតាំងជាក់ស្តែង ក្រោមការចូលរួមពីសំណាក់លោក ហង្ស តារា ដែលជាម្ចាស់ទីតាំង ។
ក្រោយការចុះពិនិត្យ លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានបញ្ជាក់ថា ជាលទ្ធផលក្រោមការពិនិត្យពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ឃើញថា លោក ហង្ស តារា ពិតជាបានចាក់ដីចូលចំណីព្រែក និងមិនបានសុំច្បាប់អនុញ្ញាតពីសំណាក់អាជ្ញាធរនោះឡើយ ហើយចំពោះការចាក់ចូលមានទំហំប៉ុណ្ណានោះ គឺលោកពុំអាចបញ្ជាក់បានទេ ។
លោកអភិបាលរងបញ្ជាក់ថា ចំពោះករណីបំពានចូលចំណីព្រែកខាងលើ លោក និងធ្វើរបាយការណ៏ ជូនលោកជំទាវអភិបាលខេត្តដើម្បីសុំគោលការណ៍បន្ត ។
ដោយឡែក លោក រស់ ស៊ីថា ប្រធានភូមិបាលស្រុកមណ្ឌលសីមា បានអោយដឹងដែរថា ចំពោះករណីខាងលើ គឺខាងជំនាញបានកំណត់ទុកចំណីព្រែក៣០ម៉ែត្រ ហើយម្ចាស់ទីតាំងពិតជា បានចាក់អាចម៍ដីចូលចំណីព្រែកបន្តិចបន្តួចពិតមែន តែចំពោះទំហំនៃការបំពានចូលចំណីព្រែក គឺលោកមិនអាចបញ្ជាក់បានទេ ដោយសារខាងជំនាញមិនបានវាស់ទំហំផ្ទៃដីទាំងមូល ។ចំពោះ លោក ហង្ស តារា ពុំបានបញ្ជាក់អ្វីអោយបានក្បោះក្បាយនោះទេ ដោយគ្រាន់តែបានបញ្ជាក់ថា លោកគ្មានអ្វីខុស នោះទេ ដោយសារលោកមានប្លង់ ។ បើទោះបីជាមានការឆ្លើយបំភ្លឺពីសំណាក់អាជ្ញាធរបែបនេះក្តី ក៏ពលរដ្ឋ និងប្រជានេសាទជាច្រើន នៅតែធ្វើការស្នើរសុំយ៉ាងទទួចទៅដល់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង មេត្តាចាត់ តាំងក្រុមការងារថ្នាក់ខេត្តចុះទៅធ្វើការពិនិត្យជាក់ស្តែង ដើម្បីថែរក្សានូវសម្បត្តិសាធារណៈរបស់រដ្ឋ ។
គួររំលឹកថា នៅពេលថ្មីៗនេះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការ ពារជាតិ បានសង្កត់ធ្ងន់ៗទៅលើបុគ្គលខិលខូចមួយចំនួន ដែលប្រើប្រាស់អំណាចបុគ្គលដើម្បី ទន្ទ្រានយកដោយខុសច្បាប់ទៅលើដីរដ្ឋ ដោយកំណត់អោយអាជ្ញាធរចាត់វិធានការទៅតាមច្បាប់ ។
សូមបញ្ជាក់ថា ដីព្រៃភ្នំ និងព្រែកដែលជាសម្បត្តិសាធារណៈរបស់រដ្ឋជាច្រើននៅក្នុងខេត្តកោះកុង ហាក់ទទួលការទន្រ្ទាន និងរំលោភបំពានជាបន្តបន្ទាប់ បើទោះបីជាចូលទប់ស្កាត់ពីសំណាក់ជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចយ៉ាងណាក្តី ៕