(បន្ទាយមានជ័យ)៖ លោក ស៊ិម៉ូហ្សូណូ ណូបឹយូស៊ិ (SHIMOZONO Nobyoshi ) ទីប្រឹក្សាបច្ចេក ទេសគម្រោងអភិវឌ្ឍន៍ភូមិសុវត្ថិភាព នៃអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) និងក្រុមការងារ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានចូលសម្តែងការគួរសម ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រុមការងារប្រចាំការនៅតំបន់អភិវឌ្ឍន៍បឹង ជង្រុកតេជោឈ្នះឈ្នះ។
នៅក្នុងជំនួបនោះ លោក ស៊ិម៉ូហ្សូណូ ណូបឹយូស៊ិ (SHIMOZONO Nobyoshi) ទីប្រឹក្សាបច្ចេក ទេសគម្រោងអភិវឌ្ឍន៍ភូមិសុវត្ថិភាព នៃអង្គការសកម្មភាពកំចាត់មីនជប៉ុន យ៉េម៉ាស (JMAS) បានថ្លែងកោតសរសើរជាខ្លាំង ចំពោះគម្រោងអភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ព្រោះលោកបាន ឃើញសំណង់ហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងប្រព័ន្ធផ្លូវថ្នល់ គឺត្រូវបានរៀបចំយ៉ាងល្អប្រសើរ ប្រកបដោយស្តង់ដារខ្ពស់ ពិតជាគួរឱ្យស្ញប់ស្ញែងណាស់។
មូលហេតុដែលលោកចាប់អារម្មណ៍លើគម្រោងអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ ព្រោះតែ លោក និងក្រុមការងារគម្រោងអភិវឌ្ឍន៍ភូមិសុវត្ថិភាព នៃអង្គការសកម្មភាពកំចាត់មីនជប៉ុន យ៉េម៉ាស (JMAS) បាននឹងកំពុងអនុវត្តគម្រោងរបស់ខ្លួន នៅភូមិក្បែរតំបន់អភិវឌ្ឍន៍នេះផ្ទាល់ ប៉ុន្តែគម្រោង ដែលក្រុមលោកធ្វើ គឺជាគម្រោងតូចៗតែប៉ុណ្ណោះ។
ឆ្លើបតបនឹងការលើកសរសើររបស់លោក ស៊ិម៉ូហ្សូណូ ណូបឹយូស៊ិ, ឯកឧត្តម ប៉ាន់ខែម ប៊ុនថន រួមជាមួយលោក យ៉ាង គីមហ៊ុយ សប្បុរសជនគាំទ្រការអភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ បាន សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះក្រុមការងារ គម្រោងអភិវឌ្ឍន៍ភូមិសុវត្ថិភាព នៃអង្គការ សកម្មភាពកំចាត់មីនជប៉ុន យ៉េម៉ាស (JMAS) ចំពោះការភ្ជាប់ទំនាក់ទំនងចរន្តការងារអភិវឌ្ឍន៍ មូលដ្ឋានជាមួយគ្នា។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា ប្រព័ន្ធផ្លូវថ្នល់ទាំងអស់ក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេ ជោឈ្នះឈ្នះ គឺបើកឱ្យប្រើប្រាស់ជាប្រយោជន៍សាធារណៈ ដូច្នេះគម្រោងអភិវឌ្ឍន៍ភូមិសុវត្ថិភាព នៃអង្គការសកម្មភាពកំចាត់មីនជប៉ុន យ៉េម៉ាស (JMAS) អាចស្ថាបនាផ្លូវពីភូមិក្បែរៗ តំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះដែលមាននៅក្នុងគម្រោងរបស់ខ្លួនភ្ជាប់មកកាន់តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ ដើម្បីជូនប្រជាពលរដ្ឋ និងសាធារណជនប្រើប្រាស់រួមគ្នាបានគ្រប់ពេលវេលា៕