(ភ្នំពេញ)៖ តាមការបញ្ជាក់របស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គ នាយកស៊ីម៉ាក់ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលស៊ិម៉ាក់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គឺ រយៈពេល ១០ ខែឆ្នាំ២០២១នេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានរកឃើញ និងកម្ទេច គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ចំនួន៦៩ ៩០៤គ្រាប់ ដោយរំដោះផ្ទៃដីរងផលប៉ះ ពាល់ចំនួន ៨៣ ៤៤៦ ៣៥២ ម៉ែត្រក្រឡា។ ឯកឧត្តម ហេង រតនា បញ្ជាក់អោយដឹងថា ជារួមលទ្ធ ផលការងារគ្រប់មុខព្រួញរបស់អង្គភាព CMAC សម្រាប់រយៈពេល១០ខែ (មករា-តុលា) ឆ្នាំ២០២១ កន្លងមកនេះ បានទទួលលទ្ធផលប្រកបដោយជោគជ័យគួរឲ្យកត់សម្គាល់ បើទោះជាស្ថិតក្នុងបរិបទ សកលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក៏ដោយ។
ឯកឧត្តម បន្តថា លទ្ធផលកិច្ចប្រតិបត្តិការក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ បានធ្វើការរំដោះផ្ទៃដី រងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមសរុបចំនួន ៨៣ ៤៤៦ ៣៥២ ម៉ែត្រក្រឡា ស្មើនឹង៨៨.១៣% នៃផែនការរយៈពេល១០ខែ (មករា-តុលា) ឆ្នាំ២០២១ ឬស្មើនឹង ៧៣.៤៤% នៃផែនការប្រចាំឆ្នាំ។ លទ្ធផលដែលទទួលបានទាបជាងផែនការមួយផ្នែក ដោយសារ ការចល័តក្រុមពហុជំនាញដែលមានស្រាប់ពីការបោសសម្អាតទៅធ្វើការស្រាវជ្រាវចម្ការមីន/គ្រាប់វិញ ហើយលទ្ធផលស្រាវជ្រាវកំណត់ចម្ការមីន/គ្រាប់ថ្មីសម្រេចបាន ៥១៤ទីតាំងស្មើនឹង ៨០ ៦៥០ ៨៣៩ ម៉ែត្រក្រឡា។
ឯកឧត្តម បន្តថា ចំពោះកិច្ចប្រតិបត្តិការនេះរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះគ្រប់ប្រភេទ សរុប ចំនួន៦៩ ៩០៤ គ្រាប់ ព្រមទាំងមានប្រជាពលរដ្ឋ ទទួលផលដោយ ផ្ទាល់ និងដោយប្រយោលសរុបចំនួន ៣៦ ៦២៧គ្រួសារ។ ក្នុងរយៈពេលដូចគ្នាការងារផ្សព្វផ្សាយក៏បានធ្វើការ អប់រំយល់ដឹងពីគ្រោះថ្នាក់ដោយ សារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅបានចំនួន ១៤ ៥៣៨ លើកស្មើនឹង ៤៨០ ៨០៦ ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន៧៨៦ ៩២៤នាក់។
ឯកឧត្តម ហេង រតនា បន្ថែមថា សំរាប់ពង្រាងផែនការឆ្នាំ២០២២ខាងមុខនេះ មានផែនការរំដោះ ផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមចំនួនប្រមាណ ១២៥គីឡូម៉ែត្រក្រឡា និង បន្តពង្រឹងសមត្ថភាពជាតិ ក្នុងការដោះស្រាយវិបត្តិសំណល់គ្រាប់បែកចង្កោម និងសំណល់យុទ្ធ ភណ្ឌសង្គ្រាម ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល អនុលោមតាម ផែនការជាតិ និងការប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិ ស្តីពីសំរេចឱ្យបានអនុសញ្ញា អន្តរជាតិ អូតាវ៉ា ត្រឹមចុងឆ្នាំ២០២៥៕