កម្ពុជាសង្ឃឹមថា ពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ចិន និងសមាជិកអាស៊ានដែលពាក់ព័ន្ធ នឹងអាចឈានទៅចុះហត្ថលេខាលើ CoC ស្តីពីសមុទ្រចិនភាគខាងត្បូងបាន


 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា នៅពេល ដែលកម្ពុជា ធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ខាងមុខនេះ ប្រទេសចិន និងប្រទេសជាសមាជិក អាស៊ានដែលពាក់ព័ន្ធ នឹងអាចឈានទៅចុះហត្ថលេខាលើ CoC (Code of Conduct) ស្តីពីសមុទ្រ ចិនភាគខាងត្បូងបាន។ នេះបើតាម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបញ្ជាក់នៅ លើបណ្តាញសង្គម Facebook។

លោករដ្ឋមន្រ្តីបានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បែបនេះ នៅសន្និសីទ កំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានដកស្រង់ប្រសាសន៍សម្តេចតេជោយ៉ាងដូច្នេះថា៖ «[ ចេញពីបរិយា កាសដ៏ល្អនៃពេលប្រជុំចង្អៀតសន្និសីទកំពូលអាស៊ី-អឺរ៉ុប ទី១៣នេះ] ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នៅ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២នេះ ប្រទេសចិន និងប្រទេសជាសមាជិកអាស៊ាន ដែលពាក់ព័ន្ធ នឹងអាចឈានទៅចុះហត្ថលេខាលើ CoC ( Code of Conduct ) ស្តីពីសមុទ្រចិន ភាគខាងត្បូងបាន ដែលឆ្នាំ២០២២នេះ គឺជាខួបទី ២០ នៃការផ្តួចផ្តើមគំនិតទីក្រុងភ្នំពេញស្តីពីការ តាក់តែង CoC ទាក់ទិនទៅនឹងប្រទេសទាំងអស់ដែលមានជាប់ការពាក់ព័ន្ធទៅនឹង សមុទ្ទចិនខាង ត្បូងនេះ»។ ក្នុងនាមសមាជិកអាស៊ានមួយ ដែលជារដ្ឋមិនទាមទារអធិបតេយ្យ កម្ពុជាមានសេចក្តី ប្រាថ្នារួមដើម្បីឱ្យសមុទ្រចិនខាងត្បូងនៅតែជាសមុទ្រនៃសន្តិភាព ស្ថិរភាព និងវិបុលភាព។

រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសថា «ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាក្នុងនាមជារដ្ឋ ដែលមិនទាមទារ អធិបតេយ្យ នៅក្នុងសមុទ្រចិនខាងត្បូង សូមរក្សាភាពអព្យាក្រឹតលើបញ្ហាជម្លោះ ទឹកដី ហើយកម្ពុជាសង្ឃឹមថាភាគីពាក់ព័ន្ធគួរបន្តរក្សាបរិយាកាស អំណោយផលក្នុងការថែរក្សា សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ដែលនឹងចូលរួមចំណែកដល់ការបញ្ចប់ការចរចាលើ ក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង»