(ហូនីញ៉ារ៉ា)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ គឺ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃសុក្រនេះបានដាក់ពង្រាយកងកម្លាំងរក្សាសន្តិ ភាពរបស់ខ្លួន ដើម្បីទៅជួយរក្សាសន្តិសុខនៅឯអាកាសយានដ្ឋាន និងកំពង់ផែ នៃរដ្ឋហូនីញ៉ារ៉ា (Honiara) ប្រទេសដែនកោះសូឡូម៉ុន (Solomon) ដែលកំពុងប្រឈមមុខនឹងកុបកម្មដ៏ចលាចល។
បើតាមរដ្ឋមន្ត្រីមហាផ្ទៃអូស្ត្រាលី លោកស្រី Karen Andrews កងកម្លាំងរក្សាសន្តិភាពខាងលើ មានប៉ូលិស និងយោធាចំនួន ១០០នាក់ បានធ្វើដំណើរទៅដល់ប្រទេស ដែនកោះសូឡូម៉ុន កាលពី យប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រនេះក្នុងគោលបំណងស្ដារច្បាប់ និងសន្តិសុខឡើងវិញ។ លោកស្រីបន្ថែមថាការបញ្ជូនកងកម្លាំងសន្តិភាព នេះទៀតសោត ធ្វើឡើងតបតាមសំណើរបស់ នាយរដ្ឋមន្ត្រីសូឡូម៉ុន លោក Manasseh Sogavare ដែលបានអំពាវនាវស្វែងរកជំនួយក្នុងការបិទ បញ្ចប់កុបកម្មតវ៉ាកំពុង គំរាមកំហែងផ្ដួលរំលំរដ្ឋាភិបាលរបស់លោក៕