(ម៉ាឌ្រីដ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថាការផ្ទុះភ្នំភ្លើង គូមប្រេ វីចា (Cumbre Vieja) នៅ លើដែនកោះ La Palma នៃប្រទេសអេស្ប៉ាញហាក់មិនមានសញ្ញា ធូរស្រាល និងមិន ដឹងថាពេលណាឈប់នោះទេខណៈភ្នំភ្លើងមួយនេះមានសកម្មភាពអស់រយៈពេលជាង៦៦ថ្ងៃមកហើយជាមួយការបញ្ចេញកំអែភ្នំភ្លើង ផេះ និងបណ្ដាលឱ្យមានការរញ្ជួយដីផងដែរ។
បើតាមក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានភូមិសាស្ត្រជាតិនៃប្រទេសអេស្ប៉ាញ គ្រោះរញ្ជួយដីចំនួន ៤៦លើក ត្រូវបានរាយការណ៍នៅចន្លោះពី១២៖០០នាទីយប់ ថ្ងៃចន្ទ ដល់ម៉ោង ៧៖៣៧នាទីព្រឹក ថ្ងៃអង្គារសប្ដាហ៍នេះ ហើយក្នុងនោះគ្រោះរញ្ជួយដីមានកម្រិតធ្ងន់បំផុតគឺ ៤.៨ និង៤.៧ រ៉ិចទ័រ។ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ គ្រោះរញ្ជួយដីចំនួន៩៥លើក ក៏ត្រូវបានកត់ត្រាផងដែរ ហើយដែលនេះ ជាចំនួនរញ្ជួយដីច្រើនបំផុតគិតចាប់តាំងពីថ្ងៃទី១៧ ខែវិច្ឆិកាមក ជាពេលដែលគ្រោះរញ្ជួយដី ច្រើន ជាង ៣០០លើក ត្រូវបានរាយការណ៍។
សូមជម្រាបថា បច្ចុប្បន្ន កំអែភ្នំភ្លើង បានគ្របដណ្ដប់លើផ្ទៃដីជាង ១,០៦០ហិកតា នៅលើដែនកោះ La Palma រីឯអគារ ២,៥០០ខ្នងត្រូវបានបំផ្លាញ និងមនុស្ស ៧,០០០នាក់ត្រូវបានជម្លៀស តែមិន មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនោះទេ៕