សម្តេចតេជោ ប្រាប់វេទិកា «សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប» ពីជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ១៩ និងសក្តានុពលសម្រាប់ការវិនិយោគនៅកម្ពុជា


 (ភ្នំពេញ)៖ ក្នុងវេទិកា «សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប» លើកទី១ ដែលប្រារព្ធធ្វើឡើងនាព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកបង្ហាញ ភាពជោគជ័យរបស់កម្ពុជាលើការគ្រប់គ្រងជំងឺកូវីដ១៩ និងសក្តានុពលមួយចំនួន ដែលជាអំណោយ ផលដ៏ប្រសើរសម្រាប់ការវិនិយោគនៅកម្ពុជា។

វេទិកា «សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប» លើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាវេទិកាដ៏មាន សារៈសំខាន់មួយសម្រាប់ទាក់ទាញការវិនិយោគ និងការធ្វើធុរកិច្ច។ វេទិកានេះ មានការចូលរួមពីអ្នក វិនិយោគ និងអ្នកធ្វើធុរកិច្ចជាច្រើននៅក្នុងតំបន់អាស៊ី និងអឺរ៉ុប។

ក្នុងសុន្ទរកថាបើកវេទិកា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីភាពជោគជ័យលើការគ្រប់គ្រង ជំងឺកូវីដ១៩ ដែលជាជំងឺរាតត្បាតមួយនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការធ្វើធុរកិច្ច។ ដូច្នេះការយកឈ្នះលើជំងឺឆ្លងសាកលមួយនេះ គឺជាការនាំមកនូវអំណោយផល ខ្ពស់សម្រាប់ការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការធ្វើធុរកិច្ចផងដែរ។

សម្តេចតេជោ បានជម្រាបវេទិកាដ៏មានសារៈសំខាន់នាព្រឹកថ្ងៃនេះថា ជាមួយការគ្រប់គ្រងបានល្អនូវ ស្ថានភាពជំងឺកូវីដ-១៩ហើយនោះ រាជរដ្ឋាភិបាលសម្រេចការចាក់វ៉ាក់សាំងបាន ក្នុងអត្រាជាង ៨៨ភាគរយ នៃចំនួនប្រជាជន ក្នុងប្រទេសសរុប ១៦លាននាក់ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២១។

ក្រៅតែពីបង្ហាញនូវភាពជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ១៩ ក៏ដូចជាការចាក់វ៉ាក់សាំងជូនប្រជា ពលរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលក្នុងការកែលំអលើវិស័យនានា ដើម្បីទាក់ទាញអ្នកវិនិយោគ និងជួយសម្រួលដល់ការ ធ្វើធុរកិច្ច។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំ រៀបចំ និងដាក់ឱ្យអនុវត្តវិធានការគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញការវិនិយោគ បរទេស បន្ថែមទៀត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អប្រព័ន្ធដឹកជញ្ជូន ទាំងផ្នែកទន់ និងរឹង ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស ការរៀបចំប្រព័ន្ធបច្ចេក វិទ្យាព័ត៌មាន និងឌីជីថល និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ»

ក្នុងវេទិកាដែលកម្ពុជារំពឹងថាជាឱកាសសម្រាប់ក្រសោបបេះដូងអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចនៅ តំបន់អាស៊ី និងអឺរ៉ុបនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកបង្ហាញផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលាយ តាមរយៈការបង្កើតនូវកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីនានា រួមមាន៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាន នាពេលឆាប់ៗខាងមុខ។

សម្រាប់សម្តេចតេជោ ហ៊ុន សែន ការវិវត្តជាវិជ្ជមានខាងលើនេះ កំពុងប្រែក្លាយកម្ពុជា ឱ្យទៅជាទី តាំងផលិតកម្ម ធុរកិច្ច និងវិនិយោគមួយកាន់តែសំខាន់ និងមានសក្ដានុពលនៅក្នុងតំបន់ ហើយមាន ទីផ្សារនាំចេញកាន់តែធំ ប្រកបដោយភាពប្រកួតប្រជែងសម្រាប់វិនិយោគិន ពីគ្រប់មជ្ឈដ្ឋានជា ពិសេសពីតំបន់អឺរ៉ុប។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា វេទិកានេះមានភាពចាំបាច់ សម្រាប់វិនិយោគិនធ្វើ ការកំណត់ និងស្វែងរកឱកាសធុរកិច្ច និងពាណិជ្ជកម្មថ្មីៗ និងសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ជាពិសេសការផ្លាស់ប្ដូរយោបល់លើមូលបទដ៏ មានសារៈសំខាន់ គឺ«ការផ្លាស់ប្ដូរ ទៅគន្លងប្រក្រតីភាពថ្មី៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤» សំដៅលើកកម្ពស់សកម្មភាពធុរកិច្ច-វិនិយោគ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅក្នុងគន្លងប្រក្រតី ភាពថ្មី។

សម្តេចតេជោ ក៏បានលើកឡើងផងដែរថា កិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប បានចូលរួមយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមកនៃប្រជាជន និងសេដ្ឋកិច្ច ដើម្បីការអភិវឌ្ឍរួម។ ជាមួយគ្នាកិច្ចសហប្រតិបត្តិការនេះ នៅមានសក្ដានុពលជាច្រើនទៀត ដែលយើងត្រូវចាប់យក ដើម្បីលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។

បើតាមសម្តេចតេជោ ទំហំសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប មានចំណែកប្រមាណ ៦៥ភាគរយនៃសេដ្ឋកិច្ច សកល ខណៈដែលទំហំពាណិជ្ជកម្ម មានប្រមាណជា ៥៥ភាគរយនៃពាណិជ្ជកម្មសកល៕