កម្លាំងអាវុធហត្ថបញ្ជូនជនសង្ស័យទាំង១១នាក់ ទៅតុលាការ ពាក់ព័ន្ធការផ្ទុះអាវុធ និងវាយសមត្ថកិច្ចនៅផ្សាររាត្រីទឹកពុះក្រុងប៉ោយប៉ែត, តំណាងអយ្យការកំពុងសួរនាំ និងធ្វើការចោទប្រកាន់ជាផ្លូវការ


 (បន្ទាយមានជ័យ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន១១នាក់ និងវត្ថុតាងទៅតុលាការ កាលពីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធការផ្ទុះអាវុធ និងប្រើហិង្សាលើកម្លាំងអាវុធហត្ថ ដែលប្រព្រឹត្តកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២៣៖១៥នាទី នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គិតត្រឹមរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្រាប់ជនសង្ស័យទាំង១១នាក់ កំពុងស្ថិតក្រោមការសួរនាំរបស់តំណាងអយ្យការ ដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការ។

យោងតាមរបាយការណ៍របស់លោក នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត ដែល ទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ករណីនេះបង្កឡើងដោយជនសង្ស័យ មួយក្រុមមានគ្នាប្រហែល៣០នាក់ ជិះរថយន្តចំនួន៣គ្រឿង ទៅអង្គុយផឹកស៊ីនៅហាង ABC ក្នុងផ្សាររាត្រីទឹកពុះ ដែលមានទាំងជនជាតិខ្មែរ និងជនជាតិថៃចំនួន​៥នាក់។

របាយការណ៍របស់លោកមេបញ្ជាការ បានបន្តទៀតថា ក្នុងពេលពួកគេកំពុងផឹកស៊ីនោះ ក្រុមជនរង គ្រោះក៏ទៅដល់កន្លែងផឹកស៊ីដែរ មួយសន្ទុះក្រោយមក ក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើហិង្សា ដោយយកដបស្រា និងកែវជាច្រើន គប់ទៅលើជនក្រុមជនរងគ្រោះ។ ភ្លាមនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុដើម្បី ធ្វើអន្តរាគមន៍ តែក្រុមជនសង្ស័យមិនស្ដាប់តាម ហើយបន្តគប់ដបស្រា និងកែវ ព្រមទាំងដេញ វាយទៅលើក្រុមជនរងគ្រោះ និងកម្លាំងអាវុធហត្ថថែមទៀត។

បន្ទាប់មកក្រុមជនសង្ស័យ បានប្រើប្រាស់កាំភ្លើងខ្លី (ពុំស្គាល់ម៉ាក) បាញ់មកលើកម្លាំងអាវុធហត្ថ បណ្ដាលឲ្យអាវុធហត្ថម្នាក់រងរបួសធ្ងន់ ក្រៅពីនេះ កម្លាំងអាវុធហត្ថ២នាក់ទៀត រងរបួសស្រាល ដោយសារត្រូវ នឹងកែវស្រាដែលពួកជនសង្ស័យគប់មកលើ។ ក្រុមជនសង្ស័យនៅតែបន្តវាយមកលើសមត្ថកិច្ច ក្រោយមកទើបកម្លាំងបានសម្រេចចិត្តបាញ់កាំ ភ្លើងតបតវិញ ដើម្បីការពារខ្លួន ទើបបណ្ដាលឲ្យខាងជនសង្ស័យរងរបួសម្នាក់ចំជើង។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយឃើញសភាពការណ៍ដូច្នេះ លោកបានរាយការណ៍ជូនលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងសុំគោលការណ៍ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ហើយក៏បាន ដឹកនាំកម្លាំងចុះបង្រ្កាបករណីខាងលើនេះដោយឃាត់ខ្លួនក្រុមជនបង្កជាបន្តបន្ទាប់បានចំនួន១១នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖

*រថយន្តម៉ាកឡិចស៊ីស NX200T ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា CND7677ចំនួន០១គ្រឿង
*រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ កម្ពុជា CNE7677 ចំនួន០១គ្រឿង
*បំពង់ទីបដែកប្រវែង១១០សង់ទីម៉ែត្រ ចំនួន០១ដើម
*កាំបិតប៉័ងតោដងឈើចំនួន០២ដើម
*កាំបិតចុងស្រួចចំនួន០១ដើម ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រាប់ឲ្យដឹងទៀតថា ជនសង្ស័យទាំង១១នាក់ ក្រោយពី កម្លាំងជំនាញសាកសួរចម្លើយរួច ពួកគេបានឆ្លើយសារភាពថា ពួកគេមានគ្នាចំនួន២០នាក់ បាននាំ គ្នាជិះរថយន្ត០២គ្រឿង ដែលមានភិនភាគខាងលើ ព្រមទាំងម៉ូតូចំនួន០២គ្រឿងទៀត ពិតជាបាននាំ គ្នាទៅផឹកស៊ីក្នុងហាងនោះពិតប្រាកដមែន ហើយបានបង្កជម្លោះទៅលើក្រុមម្ខាងទៀត។

ក្រោយមកសមត្ថកិច្ចកងរាជអាវុធហត្ថបានចុះមកអន្តរាគមន៍ ពួកគេក៏បានធ្វើការតដៃជាមួយ សមត្ថកិច្ចទៀត ប៉ុន្តែពួកគេមិនបានដឹងថា ក្រុមរបស់គេអ្នកណាមានកាំភ្លើងបាញ់ទៅលើសមត្ថ កិច្ចនោះទេ ចំណែកបក្ខពួកជនបង្ក០៩នាក់ផ្សេងទៀត ដែលរត់គេចខ្លួន កម្លាំងកំពុងស្រាវជ្រាវឃាត់ ខ្លួនបន្ត។

លោក នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា សម្រាប់មន្រ្តីអាវុធហត្ថម្នាក់ ដែលរងរបួសធ្ងន់ដោយសារត្រូវគ្រាប់កាំភ្លើងរបស់ក្រុមជនសង្ស័យនោះគឺលោកអនុសេនីយ៍ទោ ឆាន ផុន ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាល និងសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ប៉ុន្តែបានធូរបន្តិច ហើយ ខណៈក្រុមគ្រូពេទ្យកំពុងតាមដានបន្តទៀត៕