រដ្ឋមន្រ្តីក្រសួងព័ត៌មាន និយាយថា អ្នកសារព័ត៌មានអាចដើរហើរ និងថតនៅទីសាធារណៈបាន ដោយមិនបាច់ ជូនដំណឹងអាជ្ញាធរនោះទេ លើកលែងតែកន្លែងហាមឃាត់

 (ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ថា អ្នកសារព័ត៌មាន អាចដើរហើរ និងថតនៅទីសាធារណៈបាន ដោយមិនបាច់ជូនដំណឹងអាជ្ញាធរនោះទេ លើកលែងតែ កន្លែងហាមឃាត់។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅក្នុងឱកាសសិក្ខា សាលាស្តីពី «ការអនុវត្ដវិជ្ជាជីវៈ និងសេរីភាពអ្នកសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណា ចក្រកម្ពុជា»។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់បែបនេះថា៖ «ថ្ងៃមុនខ្ញុំឃើញគេចាប់អ្នកកាសែត២នាក់ ដែលថត Live នៅមុខសាលាខេត្ត គឺខុសហើយ អ្នកកាសែតគេអាចថតបាន (នៅទីសាធារណៈ) លើកលែងអ្នកឯង ដាក់ថាហាមថត ហើយហាមថតនេះត្រូវមានមូលហេតុស្រួលបួលទៀត ចាប់ហ្នឹងគឺខុស ដែលជាការ​បំពានហើយ»

ឯកឧត្តម បានលើកទៀតថា ដូចថ្មីៗនេះមានអភិបាលខេត្តមួយ បាននិយាយថា កាសែតដែល ចូលទៅកាន់ខេត្តរបស់គាត់ ត្រូវជូនដំណឹងដល់អាជ្ញាធរឱ្យបានដឹង។ លោករដ្ឋមន្ត្រីបញ្ជាក់ថា «មិនមែនអញ្ចឹងទេ មាត្រា៤០ បាននិយាយអំពីសិទ្ធិដើរហើរដល់ប្រជាពលរដ្ឋ អញ្ចឹងគេទៅណា គេមានសិទ្ធិរបស់គេ គេមិនបាច់ជូនដំណឹង ដល់យើងទេ ប៉ុន្តែបើគេចង់ទាក់ទងអា ជ្ញាធរនៅកន្លែងណា គេអាចទាក់ទងសុំសួរ នេះជាការងារដាច់ដោយឡែកពីគ្នា»

ឯកឧត្តម ទទួលស្គាល់ថា កន្លងទៅក៏មានអ្នកកាសែតមួយចំនួនបានធ្វើហួសព្រំដែន ប៉ុន្តែឯកឧត្តម ក៏ បានសង្កេតឃើញអាជ្ញាធរមូលដ្ឋានខ្លះក៏បានធ្វើហួសព្រំដែនដែរ។ អ្នកសែតខ្លះពុំបានយល់អំពីការងាររបស់ខ្លួននាំឱ្យអនុវត្តខុសក្នុងនោះមានដូចជាការទូរស័ព្ទទៅសម្ភាសចៅក្រមអំពីដំណើរការក្តីជាដើម៕