សម្តេច ហេង សំរិន លើកឡើងថា ASEP11 បានរួមគ្នាគំាទ្រយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចសង្គមក្រោយ វិបត្តិកូវីដ១៩ ដោះស្រាយសន្តិសុខ សន្តិភាព ការប្រែប្រួលអាកាសធាតុ វិសមភាពយេនឌ័រ


 (ភ្នំពេញ)៖ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ហៅកាត់ថា (ASEP11) ដែលសភា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធនិម្មិត បានបញ្ចប់ដោយជោគ ជ័យក្រោយពីបានដំណើរការប្រជុំ ផ្លាស់ប្តូរទស្សនៈគ្នាដោយឈរលើគោលការណ៍ពហុភាគីនិយម សាមគ្គីភាពជាអន្តរជាតិ នៅរាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងការស្វែងរកដំណោះស្រាយ ជួនពលរដ្ឋ លើបញ្ហាសន្តិភាពនិងសន្តិសុខ ភេរវកម្ម ការប្រកួតប្រជែងពាណិជ្ជកម្មនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ សន្តិសុខនៃធនធានធម្មជាតិ និងជាពិសេសអន្តរកម្មនៃសន្តិសុខស្បៀង ទឹក និងថាមពល និងវិសមភាពសង្គមនិងយេនឌ័រ ជាពិសេសការរួមគ្នាដែលមិនអាចខ្វះបាននៅក្នុង ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ និងការស្តារសេដ្ឋកិច្ចសង្គមឱ្យងើបឡើងវិញ ក្រោយពីវិបត្តិ ជំងឺនេះ។

ក្នុងនាមសហប្រធានដឹកនាំកិច្ចប្រជុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូ ទំាងអស់ដែលចូលរួមចែករំលែក ពុទ្ធិដោយមិនខ្លាចនឿយហត់ នៅក្នុងក្រុមពិភាក្សា ផ្លាស់ប្តូរមតិយោបល់ ទស្សនៈរវាងគ្នាទៅវិញទៅ មក យ៉ាងផុលផុស និងសកម្ម សំដៅពង្រឹងការទូតសភានិងភាពជាដៃគូ ដើម្បីដោះស្រាយបញ្ហាជា សកលដែលពលរដ្ឋក្នុងអាស៊ីនិងអឺរ៉ុបក៍ដូចជាពលរដ្ឋក្នុងសកលោកជួបប្រទះនោះ។

សម្តេចបានគូសបញ្ជាក់ថា អង្គប្រជុំបានឯកភាព និងគាំទ្រដល់យុទ្ធសាស្ត្រសំខាន់និងអាទិភាព ដើម្បីស្តារសេដ្ឋកិច្ចសង្គមឱ្យងើបឡើងវិញប្រកបដោយបរិយាប័ន្ន រឹងមាំ ហើយធន់ទៅនឹងវិបត្តិ ដែលនឹងអាចកើតមាននាពេលក្រោយទៀត ដែលក្នុងនោះកត្តាអាទិភាពនិងចំពោះមុខគឺ ការចាក់ វ៉ាក់សាំងសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទាំងអស់បានចាក់វ៉ាកសាំងគ្រប់គ្នាៗ។ អង្គប្រជុំក៏បានឆ្លុះបញ្ចាំងផងដែរនូវសារៈសំខាន់នៃ ពហុភាគីនិយមដោយផ្អែកលើច្បាប់អន្តរជាតិ កិច្ចសហប្រតិបត្តិការជាអន្តរជាតិ និងភាពជាដៃគូរកាន់តែទូលំទូលាយរវាងតំបន់ទាំងពីរ ក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់មួយចំនួនដូចជា ការអភិវឌ្ឍបៃតង វិស័យបច្ចេកវិទ្យា ឌីជីថល ការតភ្ជាប់តំបន់ និងប្រព័ន្ធសុខាភិបាលជាដើម។

សម្តេចប្រធានរដ្ឋសភានិងជាសហប្រធានដឹកនាំកិច្ចប្រជុំបានសម្តែងការកោតសរសើរចំពោះគណៈកម្មការកិច្ចប្រជុំរៀបចំសេចក្តីប្រកាស ASEP11 ដែលបានបំពេញការងារយ៉ាងសកម្ម តាំងពីមុនកិច្ច ប្រជុំចាប់ផ្តើមដោយបានសម្របសម្រួល ពិភាក្សា ពិគ្រោះនិងផ្លាស់ប្តូរយោបល់គ្នាលើធាតុចូលជា ច្រើនពីប្រទេសសមាជិក ទៅក្នុងសេចក្តីព្រាងសេចក្តីប្រកាស រហូតទទួលបានការឯកភាពនិង ការអនុម័តជាឯកច្ឆ័ន្ទលើឯកសារដ៏សំខាន់នេះ ដែលឆ្លុះបញ្ចាំងពីស្មារតី ជំហរ និងឆន្ទៈរួមរបស់សមា ជិកសភាតំណាងឱ្យសំឡេងរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត នៃតំបន់ទាំងពីរ នូវក្តីបំណងប្រាថ្នារួម គឺការរស់ក្នុងសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពជានិរន្តរ៍។

សម្តេចបានគូសបញ្ជាក់ថា សេចក្តីប្រកាស ASEP11 ដែលបានអនុម័តនេះជាលទ្ធផលនៃកិច្ចប្រជុំ គឺជាឯកសារលទ្ធផលគន្លឹះ នឹងត្រូវបង្ហាញជូនដល់មេដឹកនាំនៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ខាងមុខ ពិចារណាលើសារពិសេសរបស់ប្រជាពលរដ្ឋដើម្បីពិនិត្យយកទៅប្រតិបត្តិ ដើម្បីបម្រើផល ប្រយោជន៍រួមសម្រាប់ប្រជាជននៃតំបន់ទាំងពីរ៕