កម្រិតទឹកស្ទឹងពោធិ៍សាត់ ឡើងដល់កម្រិតប្រកាសអាសន្នហើយ, សូមពលរដ្ឋបង្កើនការប្រុង ប្រយ័ត្នខ្ពស់


 (ពោធិ៍សាត់)៖ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៅក្រុងពោធិ៍សាត់ ដោយគិតត្រឹមព្រឹកថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ បានហក់ឡើងជាបន្តបន្ទាប់ គឺឡើងដល់កម្ពស់៥.០៦ម៉ែត្រហើយ (កម្ពស់ ប្រកាសអាសន្នគឺ ៥ម៉ែត្រ)។ នេះបើតាមការបញ្ជាក់របស់លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់។

ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានឱ្យដឹងទៀតថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បច្ចុប្បន្នមានកម្ពស់ ៥.០៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្នគឺ ៥ម៉ែត្រ) រីឯស្ទឹងក្រវាញមានកម្ពស់ ៣.៤៩ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែងមានកម្ពស់ ២.៦ម៉ែត្រ (កម្ពស់ ប្រកាសអាសន្ន ៩ម៉ែត្រ)។

លោក កែវ វ័យ បានបន្តថា ប្រសិនបើមិនមានភ្លៀងបន្ថែម នៅផ្នែកខាងលើនៃស្រុកវាលវែង និង ស្រុកភ្នំក្រវាញទេនោះ ទឹកស្ទឹងពោធិ៍សាត់នឹងស្រកវិញ ក្នុងពេល៦ម៉ោងក្រោយ។
ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅរ៉បមាត់ស្ទឹងខាងលើ សូមមាន ការប្រុងប្រយ័ត្នខ្ពស់ និងថែទាំទុកដាក់កូនចៅ សត្វពាហនៈឱ្យបានត្រឹមត្រូវ ជៀសវាងមានគ្រោះថ្នាក់ ណាមួយកើតឡើងជាយថាហេតុ។ លោកប្រធានមន្ទីរក៏បានបញ្ជាក់បន្ថែមថា ទោះបីជាយ៉ាងណា ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានត្រៀមរួចជាស្រេចនូវវិធានការសរុប មធ្យោបាយ សរុប ដើម្បីឆ្លើយតបឱ្បានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយណាមួយកើតឡើង ដែល ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ សួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃ១១ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្រសួងបានបញ្ជាក់ថា កម្ពុជានឹងទទួលឥទ្ធិពល ពីជើងនូវទ្រនុងសម្ពាធខ្ពស់ ពីប្រសព្វនឹងជ្រលង សម្ពាធទាបប៉ាស៉ីហ្វិកទូលពីក្រោមឡើងលើ។ លក្ខណៈបែបនេះនឹងបណ្តាលឱ្យមានភ្លៀង ធ្លាក់ពីកម្រិតខ្សោយទៅច្រើនទៅតាមតំបន់ ដែលអាចបង្កឱ្យមានជំនន់ទឹកភ្លៀង៕