ចិន សន្យាផ្តល់៨៤លានដុល្លារ ដើម្បីបង្កើនសមត្ថភាពវិស័យការពារជាតិកម្ពុជា

ភ្នំពេញ ៖ សាធារណៈរដ្ឋប្រជាមានិត្យចិន បានសន្យាផ្តល់ចំនួនជាង ៦០០លានយ័ន ឬប្រហាក់ប្រហែលនឹង ៨៤លានដុល្លារអាមេរិគ ដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍ និងបង្កើនសមត្ថភាពវិស័យការពារជាតិកម្ពុជា។ នេះជាការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ប្រមុខយោធាកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បានមកដល់កម្ពុជាវិញហើយនៅថ្ងៃនេះ ក្រោយបំពេញទស្សនកិច្ច៣ថ្ងៃ នៅប្រទេសចិន។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា កម្ពុជា-ចិនបានឈានដល់ការចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-ចិន។

តាមរយៈកិច្ចព្រមព្រៀងនេះ ចិនបានផ្តល់ជំនួយឥតសំណងជាង៦០០លានយ័ន ឬប្រហាក់ប្រហែលនឹង៨៤លានដុល្លារអាមេរិក ដល់កងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។ ការចុះកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខារវាងរដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេចពិជ័យ ទៀ បាញ់ និងសមភាគីចិន គឺ លោកឧត្តមសេនីយ Wei Fenghe នៅទីក្រុងប៉េកាំង។

បើតាម លោក នាយឧត្តមសេនីយ៏ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ បានក្លាយទៅជាយន្តការមួយ ដែលបានជួយជំរុញដល់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា និងចិន។ សម្តេចពិជ័យសេនាបានវាយតម្លៃខ្ពស់ និង មានជំនឿជឿជាក់ជាមួយតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសចិន ជាពិសេសតួនាទីរបស់កងទ័ពរំដោះប្រជាជនចិន ដែលបានចូលរួមយ៉ាងស្វាហាប់ និង យ៉ាងមោះមុតក្នុងការកសាង និងអភិវឌ្ឍ ចំពោះសន្តិភាព និង ការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។

សម្តេចពិជ័យសេនា បានថ្លែងអំណរគុណចំពោះការជួយជ្រោមជ្រែង ផ្តល់ការជួយឧបត្ថម្ភក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងកងទ័ពទាំងពីរកម្ពុជា-ចិន ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ ការបង្កើនកម្រិតនៃការធ្វើលំហាត់ហ្វឹកហ្វឺន បង្កើនប្រសិទ្ធភាពនៃការបណ្តុះបណ្តាលធនធានមនុស្ស រួមទាំងកិច្ចសហប្រតិបត្តិការកម្រិតតំបន់ និង អន្តរជាតិផងដែរ ដែលបានធ្វើឱ្យទំនាក់ទំនងកងទ័ពទាំងពីរកាន់តែរឹងមាំ៕