ស្ថានទូតជប៉ុន ជ្រើសយកយុវជនខ្មែរ៦ក្រុម ទៅសំដែងរឿង”ស្រុកកំណើតខ្ញុំ”នៅជប៉ុន

ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី១៧ ខែតុលាកន្លងទៅនេះ បានរៀបចំ ការប្រកួតដំណាក់ចុងក្រោយ ជ្រើសរើសបេក្ខជន បេក្ខនារីកម្ពុជា ចូលរួមកម្មវិធីផ្លាស់ប្តូរយុវជន Jeneseys ឆ្នាំ២០១៩។ នៅក្នុងការប្រកួតនេះ ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានសម្រេចជ្រើស រើសបេក្ខជនបេក្ខនារីពីកម្ពុជា ចំនួន៦ក្រុម សរុប២៤រូប ចូលរួមប្រកួតប្រជែង និងបង្ហាញសមត្ថភាព ការច្រៀងរាំ សំដែងរឿង ក្រោមប្រធានបទ«ស្រុកកំណើតខ្ញុំ» ជាមួយបណ្តាយុវជនអាស៊ាន នៅ ប្រទេស ជប៉ុននៅដើមឆ្នាំ២០២០។

ថ្លែងនៅក្នុងពិធីនោះ លោកស្រី កាអូរិ តាណាបេ លេខាទី១ ប្រចាំស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានថ្លែងថា នៅក្នុងកម្មវិធីប្រកួតជ្រើសរើសបេក្ខជនបេក្ខនារីកម្ពុជា ចូលរួមកម្មវិធីផ្លាស់ប្តូរយុវជន Jeneseys ឆ្នាំ២០១៩ នេះ មានសិស្សនិស្សិតកម្ពុជា ប្រមាណជិត ៥០០នាក់ ដែលមាន១២២ ក្រុម បានតាក់តែងច្នៃប្រឌិតរឿងរ៉ាវពិតនៅក្នុងសង្គមខ្មែរ ក្រោមប្រធានបទ«ស្រុកកំណើតខ្ញុំ» មកធ្វើការប្រកួតប្រជែងដណ្តើមជ័យលាភី។

លោក ស្រី បន្តថា នៅក្នុងការប្រកួតនេះ ចុងក្រោយគណៈកម្មការបានសម្រេចជ្រើសរើសក្រុម ឆ្នើម ចំនួន ៦ក្រុម សរុបបេក្ខជន ២៤រូប យកទៅចូលរួមប្រកួតប្រជែង និងបង្ហាញសមត្ថភាពរាំច្រៀង និងសំដែងសាច់រឿង នៅប្រទេសជប៉ុន ជាមួយបណ្តាបេក្ខជនយុវជន មកពីបណ្តាប្រទេសនានានៅ ក្នុងតំបន់អាស៊ាន នៅចុងខែមករា ដើមឆ្នាំ២០២០ខាងមុខនេះ។

លោក ស៊ឺ ទ្រី អនុប្រធាននាយកដ្ឋានយុវជន នៃក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា គ្រប់ការ បង្ហាញដែលមានការច្រៀងផង រាំផង និងសំដែងផងពីសំណាក់បេក្ខជនទាំងអស់ គឺសុទ្ធតែល្អទាំង អស់ ពិសេសគឺការសំដែងបង្ហាញអត្ថន័យជាប្រវត្តិសាស្ត្រ និងការរីកចំរើននៃតំបន់វប្បធម៌ទេស ចរណ៍នានា នៅតាមមូលដ្ឋាននានារបស់ប្រទេសកម្ពុជា។

លោក បន្តថា សម្រាប់បេក្ខជនឆ្នើមដែលជាប់ជ័យលាភីចុងក្រោយនេះ គឺក្រុមបេក្ខជនដែលមាន គំនិតការច្នៃរប្រឌិតខ្ពស់ជាងគេ ហើយការសំដែងគឺមានភាពទាក់ទាញ និងមានសាមគី្គភាពគ្នាល្អ ។

សូមបញ្ជាក់ថា កម្មវិធី JENESYS ២០១៩ មានគោលបំណងជំរុញការយល់ដឹង និងការកសាង ទំនុក ចិត្តទៅវិញទៅមក ក្នុងចំណោមប្រជាជនជប៉ុន និងបណ្ដាប្រទេសចូលរួម ដើម្បីកសាង មូល ដ្ឋាន គ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត៕