អតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា អំពាវនាវឱ្យប្រទេសអ្នកមាន ជួយប្រទេសក្រីក្រប្រយុទ្ធប្រ ឆាំងការប្រែប្រួលអាកាសធាតុ


 (ក្លាសហ្គូវ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានអំពាវនាវឱ្យ បណ្ដាប្រទេសអ្នកមាន ជួយបណ្ដាប្រទេសក្រីក្រក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុ ហើយបានឆ្លៀតរិះគន់ចិននិងរុស្ស៊ីផងដែរថាមិនបានធ្វើសកម្មភាពគ្រប់គ្រាន់ដើម្បីរឹតត្បិតការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

លោក បារ៉ាក់ អូបាម៉ា ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថាមួយនៅថ្ងៃចន្ទសប្ដាហ៍នេះ ទៅ កាន់កិច្ចប្រជុំកំពូលស្ដីពីការប្រែប្រួលអាកាសធាតុ COP26 ក្នុងទីក្រុងក្លាសហ្គូវ ប្រទេសស្ដុតលែន ដែលគ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី១២ ខែវិច្ឆិកានេះ។ លោក អូបាម៉ា បានគូសបញ្ជាក់ដូច្នេះថា «យើងត្រូវតែធ្វើសកម្មភាព ឥលូវនេះ ដើម្បីជួយដល់បណ្ដាប្រទេសក្រីក្រឱ្យពួកគេអាចសម្របខ្លួន និងអត់ធន់ជាមួយការប្រែប្រួលអាកាសធាតុ»។

សូមបញ្ជាក់ថា បើតាមលោក បារ៉ាក់ អូបាម៉ា, កិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការឡើងកម្ដៅផែន ដីឱ្យនៅក្រោម ១.៥អង្សាសេ អនុលោមតាមកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ឆ្នាំ២០១៥ មានភាពជឿន លឿនទៅមុខតិចតួចតែប៉ុណ្ណោះ ដោយលោកអះអាងថាចិន និងរុស្ស៊ីមិនមានការប្ដេជ្ញាចិត្តគ្រប់គ្រាន់ ដើម្បីឱ្យកិច្ចប្រជុំកំពូលក្នុងទីក្រុងក្លាសហ្គូវ ទទួលបានជោគជ័យនោះឡើយ៕