ប្រទេសនូវែលសេឡង់ ក្រុមបាតុកររាប់ពាន់នាក់ បានធ្វើបាតុកម្មតវ៉ាប្រឆាំង កាតព្វកិច្ចចាក់វ៉ាក់សាំង បង្ការកូវីដ-១៩

(វែលីងតោន)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១បានបញ្ជាក់ថា អាជ្ញាធរនូវែលសេឡង់នៅថ្ងៃអង្គារនេះ បានរឹតបន្តឹងសន្តិសុខ យ៉ាងខ្លាំងនៅក្បែរបរិវេណសភាជាតិ ខណៈមនុស្សរាប់ពាន់នាក់ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ា ប្រឆាំង នឹងកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការ COVID-19 និងវិធានការបិទខ្ទប់របស់រដ្ឋាភិបាល លោកស្រី Jacinda Ardern។

ក្រុមបាតុករដែលភាគច្រើនមិនបានពាក់ម៉ាស បាននាំគ្នាដើរជាក្បួនដង្ហែរនៅកណ្ដាលរដ្ឋធានី វែលីងតោន (Wellington) និងបានប្រមូលផ្ដុំគ្នានៅក្រៅអគារសភាជាតិ នូវែលសេឡង់។ បាតុកម្មតវ៉ានេះធ្វើឡើងដោយសន្តិវិធី ដោយក្រុមបាតុករបានស្រែកទាមទារឱ្យរដ្ឋាភិបាលលោកស្រី Jacinda Ardern លុបចោលកាតព្វកិច្ចចាក់វ៉ាក់សាំង និងវិធានការរឹតត្បិតនានាប្រឆាំង COVID-19។ «ខ្ញុំនឹងមិនត្រូវបានគំរាមកំហែងហើយខ្ញុំក៏នឹងមិនត្រូវបានបង្ខំឱ្យចាក់វ៉ាក់សាំងដែលខ្ញុំមិនចង់នោះដែរ។ ខ្ញុំត្រូវការសេរីភាព របស់ខ្ញុំមកវិញ»។ នេះជាសម្ដីរបស់បាតុករម្នាក់ដែលបានចូលរួមក្នុងបាតុកម្មប្រឆាំងនឹងកាត្វកិច្ចចាក់វ៉ាក់សាំង៕