CAMSOC សហការជាមួយ ស.ស.យ.ក ដើម្បីពង្រឹងប្រសិទ្ធភាពការងារបន្ថែម ត្រៀមឆ្ពោះទៅ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣


 (ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈ កម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) នៅល្ងាចថ្ងៃទី០៨ ខែវិច្ឆិកានេះ បាន ប្រកាសសហការគ្នា ក្នុងការជួយដល់គណៈកម្មការជំនាញ ដើម្បីពង្រឹងប្រសិទ្ធភាពការងារបន្ថែម ឲ្យកាន់តែប្រសើរ ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំកាលពីល្ងាចមិញ បានផ្ដោតលើរបៀប វារៈសំខាន់ៗពីរ ទី១-ការប្រកាសគោលការណ៍របស់សម្ដេចពិន័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ មន្ដ្រីរដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដែលបានបើកភ្លើងខៀវឲ្យសហការជា មួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជួយដល់គណៈ កម្មការជំនាញរបស់ CAMSOC ក្នុងការបំពេញកម្លាំងបន្ថែមឲ្យមានប្រសិទ្ធភាព ពិសេសកម្លាំង យុវជនតែម្ដង ។

ឯកឧត្តម ថា «កម្លាំងយុវជន គឺជាកម្លាំងស្នូល សម្រាប់ជួយដល់គណៈកម្មការជំនាញនីមួយៗ ធ្វើឲ្យ មានប្រសិទ្ធភាពការងារ ។ អញ្ជឹង ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម ហ៊ុន ម៉ានី បានប្រកាស ដាក់ ចេញនូវគោលការណ៍ គោលនយោបាយ និងផែនការនានា ដើម្បីឲ្យមានការសហការគ្នាឲ្យបាន ល្អ តាមការកំណត់គោលការណ៍របស់សម្ដេចពិជ័យសេនា ទៀ បាញ់» ។

ចំពោះរបៀបវារៈទី២ គឺការៀបចំអ្នកស្ម័គ្រចិត្ត ដែលមានការធ្វើបទបង្ហាញអំពីផែនការច្បាស់លាស់ ពីសំណាក់លោក សុខ សប្បាយណា ដោយមានការរៀបចំប្រមូលផ្ដុំអ្នកស្ម័គ្រិចិត្ដក្នុងរង្វង់ ១ម៉ឺននាក់ សម្រាប់ធ្វើការងារស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។ កម្លាំងអ្នកស្ម័គ្រចិត្តនេះ គឺជាផ្នែកមួយដ៏សំខាន់ ដែលទាមទារឲ្យមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចូលរួមបម្រើការងារជា ប្រវត្តិសាស្ដ្រនេះផងដែរ ។

ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា «អ្នកស្ម័គ្រចិត្ដ ត្រូវបានយកចិត្តទុកដាក់ក្នុងការផ្ដល់នូវការរៀបចំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈច្បាស់លាស់​ឲ្យពួកគាត់​ធ្វើការ​ដោយ​ស្ម័គ្រចិត្ត តែមានប្រសិទ្ធ ភាព ។ អ៊ីចឹងពួកយើងបានត្រៀមលក្ខណៈយកចិត្តទុកដាក់ ចំពោះការគ្រប់គ្រង ដឹកនាំ និងការជួយ ដល់អ្នកស្ម័គ្រិចិត្តឲ្យការបម្រើការងារ​ទៅមានមោនទភាព ហើយចាត់ទុកអ្នកស្ម័គ្រចិត្តគឺជាឯកអគ្គរាជ ទូតសុឆន្ទៈរបស់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមរបស់យើងទាំងអស់គ្នាតែម្ដង» ៕