(ស៊ីដនី)៖ យោងតាមទីភ្នាក់ងារព័ត៌មានAFP បានអោយដឹងថា ព្រលានយន្តហោះស៊ីដនីបាន ប្រកាសនៅថ្ងៃនេះថា ខ្លួនបានយល់ព្រមទៅនឹងសំណើសុំទិញតម្លៃ ១៧ប៊ីលានដុល្លារដោយ វិនិយោ គិនអូស្រ្តាលីមួយក្រុមដែលដំណឹងនេះកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីបើកដំណើរការទទួលការធ្វើដំណើរអន្តរជាតិឡើងវិញ។
ក្រុមប្រឹក្សារបស់ព្រលានយន្តហោះស៊ីដនីបានអនុម័តជាឯកច្ឆ័ន្ទនូវការលក់ព្រលាននេះទៅឱ្យសម្ព័ន្ធអាកាសចរណ៍ស៊ីដនី (Sydney Aviation Alliance) ដែលជាក្រុមវិនិយោគិនហេដ្ឋារចនាសម្ព័ន្ធ និងមូលនិធិសោធនិវត្តន៍អូស្រ្តាលី និងបានផ្តល់អនុសាសន៍ឱ្យម្ចាស់ភាគហ៊ុនបោះឆ្នោតគាំទ្រដល់ ការលក់នេះ។
សម្ព័ន្ធអាកាសចរណ៍ស៊ីដនីបានផ្តល់តម្លៃ ៨,៧៥ដយល្លារអូស្រ្តាលីក្នុងមួយហ៊ុន ឬស្មើនឹង ២៣,៦ ប៊ីលានដុល្លារអូស្រ្តាលី (១៧,៥ប៊ីលានដុល្លារអាមេរិក) បន្ទាប់ពីការផ្តល់តម្លៃកាលពីប៉ុន្មានខែថ្មីៗ នេះត្រូវបានច្រានចោលដោយសារទាបពេក។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សំដីរបស់ប្រធានក្រុមហ៊ុនប្រតិបត្តការ ព្រលានយន្តហោះស៊ីដនីថា៖«ការប្រកាសនៅថ្ងៃនេះគឺជាការបញ្ចប់ការចរចាគ្នាអស់រយៈពេលជាច្រើនខែរវាងគ្រប់ភាគីទាំងអស់។ ក្រុមប្រឹក្សារបស់ព្រលានយន្តហោះស៊ីដនីជឿថា លទ្ធផលនេះឆ្លុះ បញ្ចាំងពីតម្លៃរយៈពេលវែងសមស្របសម្រាប់ព្រលានយន្តហោះនេះ»។
ការប្រកាសនេះបានធ្វើឡើងក្នុងគ្រាដែលព្រំដែនអន្តរជាតិរបស់អូស្រ្តាលីបានបើកឡើងវិញមួយផ្នែក បន្ទាប់ពីបានបិទជិត ៦០០ថ្ងៃដោយសារការរីករាលដាល់ជំងឺកូវីដ-១៩។
ការធ្វើដំណើររបស់ពលរដ្ឋអូស្រ្តាលីដែលបានចាក់វ៉ាក់សាំងរួចតាមរយៈព្រលានយន្តហោះនៅក្រុងស៊ីដនី និងក្រុងមែលប៊ន ឥឡូវនេះអាចធ្វើដំណើរទាំងទៅនិងមកដោយមិនបាច់ធ្វើចត្តាឡីស័ក ឬមិន បាច់ទទួលបានការលើកលែងផ្លូវការដែលវិធានការនេះត្រូវបានគេមើលឃើញថាជាជំហានដំបូងរបស់ប្រទេសនេះក្នុងការវិលត្រលប់ទៅរកការធ្វើដំណើរវិញជាសន្សឹមៗ។
ការលក់ព្រលានយន្តហោះនេះត្រូវជាប់លក្ខខណ្ឌមួយចំនួនទៀត រួមទាំងការវាយតម្លៃពីក្រុមអ្នកជំ នាញឯករាជ្យ។ ម្ចាស់ភាគហ៊ុនរំពឹងថានឹងពិចារណាលើកិច្ចព្រមព្រៀងនេះនៅកិច្ចប្រជុំមួយនៅត្រីមាសទីមួយឆ្នាំ២០២២ ដែលទាមទារឱ្យមានការឯកភាពពីម្ចាស់ភាគហ៊ុនភាគច្រើន ៧៥ភាគរយដើម្បីទទួលបាន ការអនុម័តលក់។ នេះបើយោងទីភ្នាក់ងារព័ត៌មាន AFP៕