(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា មន្ទីរការពារជាតិអាមេរិកបញ្ចកោណ បានបញ្ចេញ របាយការណ៍ចុងក្រោយមួយ នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា ប្រទេសចិន កំពុងតែបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ យ៉ាងឆាប់រហ័សលើសពីការរំពឹងទុក ហើយវានឹងបន្ថយ គម្លាតរវាងសហរដ្ឋអាមេរិក។
បើតាមរបាយការណ៍ខាងលើនេះ ក្រុមជំនាញនៃយោធាអាមេរិករំពឹងថា ចិននឹងអាចមាន ក្បាល គ្រាប់នុយក្លេអ៊ែរដែលប្រើការបានចំនួន ៧០០គ្រាប់នៅក្នុងឃ្លាំងត្រឹមឆ្នាំ២០២៧ ហើយនឹងត្រូវ បង្កើនរហូតដល់ចំនួន ១,០០០គ្រាប់នៅឆ្នាំ២០៣០។ ចំនួននេះគឺស្មើនឹង ២.៥ដង លើសពីអ្វីដែល មន្ទីរបញ្ចកោណ ធ្លាប់បានធ្វើការប៉ាន់ប្រមាណកាលពីមួយឆ្នាំមុន។
មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានអះអាងទៀតថា បក្សកុម្មុយនិស្តចិនកំពុងតែ បង្កើនការវិនិយោគ និងចំណាយ ទៅលើការកសាងមូលដ្ឋានលើដី សមុទ្រ និងអាកាស ដើម្បីអាច ទ្រទ្រង់ការដឹកជញ្ជូន និងរក្សាទុកក្បាលគ្រាប់នុយក្លេអ៊ែរ ទាំងនៅក្នុងទ្រង់ទ្រាយតូច និងទ្រង់ទ្រាយ ធំ។ ការគណនាទាំងអស់នេះ ត្រូវបានដាក់បញ្ចូលទៅក្នុងរបាយការណ៍ប្រចាំឆ្នាំ នៃក្រសួងការពារ ជាតិទៅកាន់សភាអាមេរិករួចហើយ។
សូមជម្រាបថា មិនខុសពីសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរធំៗ ទាំងពីរលើពិភពលោកនោះឡើយ, ប្រទេសចិនត្រូវបានអាមេរិកជឿជាក់ថា កំពុងកសាងមូលដ្ឋាន នុយក្លេអ៊ែរត្រីមុខ ជាមួយនឹងសមត្ថភាពនៃការបាញ់បញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរពីលើដី តាមរយៈ គ្រាប់មីស៊ីលបាលីស្ទីក, គ្រាប់មីស៊ីលបាញ់ចេញពីលើអាកាស និងគ្រាប់មីស៊ីលបាញ់ចេញពីនាវា មុជទឹក។
កាលពីមួយឆ្នាំមុន, មន្ទីរបញ្ចកោណធ្លាប់បានគណនាថា ប្រទេសចិនមានក្បាលគ្រាប់នុយក្លេអ៊ែរ ប្រមាណ ២០០គ្រាប់ ហើយអាចនឹងបង្កើនទ្វេដងនៅឆ្នាំ២០៣០។ ភ្លាមៗបែបនេះ ទីក្រុងប៉េកាំងមិន ទាន់បានធ្វើការឆ្លើយតបណាមួយ ចំពោះរបាយការណ៍ទីក្រុងវ៉ាស៊ីនតោនខាងលើនេះឡើយ៕