សិង្ហបុរី រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៣,១៧៤ករណី» និងស្លាប់១៤នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ


 (សិង្ហបុរី)៖  យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ៣,១៧៤ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១នេះ។

សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺ ដ៏កាចសាហាវនេះចំនួន ១៤នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេស ដីកោះដ៏តូចមួយនេះកើនដល់ ៣២៩នាក់ ចំណែកករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេស សរុបចំនួន ១៧៥,៨១៨ករណីចាប់តាំងពីមានរាតត្បាតជំងឺនេះមក។

ករណីឆ្លងថ្មីប្រចាំថ្ងៃសម្រាប់ថ្ងៃនេះ គឺមានការថយចុះបន្តិច បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃសុក្រម្សិលមិញដែលមានចំនួន ៣,៣៨៣ករណី។

សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុង ប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕