រដ្ឋមន្ត្រីឧស្សាហកម្មថៃ ចង់ឃើញកម្ពុជា គាំទ្រដល់វិនិយោគិនរបស់ខ្លួន


 (ថៃ)៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថៃ លោក សុរិយៈ ចឹងរុងរឿងកិច្ច បានស្នើសុំឱ្យកម្ពុជាផ្តល់ ការគាំទ្រវិនិយោគិនថៃ ដែលកំពុងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគិនកម្ពុជា ដើម្បីពង្រឹងទំនាក់ ទំនងវិស័យពាណិជ្ជកម្មប្រទេសទាំងពីរកាន់តែប្រសើរឡើង។

សំណើលោក សុរិយៈ ចឹងរុងរឿងកិច្ច បានធ្វើឡើងក្នុងពេលរូបជួបពិភាក្សាការងារជាមួយ ឯកឧត្តម បណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេស ចរណ៍កម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសថៃ។

ក្នុងជំនួបនេះឯកឧត្តម បណ្ឌិត សុខ សុក្រឹត្យា និងលោករដ្ឋមន្ត្រីឧស្សាហកម្មថៃ បានជជែកគ្នាផ្តោត ជាសំខាន់ទៅលើវិនិយោគ និងលើកពីបញ្ហាមួយចំនួន ដើម្បីស្វែងរកកិច្ចសម្របសម្រួលសម្រាប់អ្នក វិនិយោគរវាងប្រទេសទាំងពីរ។ ជាពិសេសអ្នកវិនិយោគរបស់ថៃនៅក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបនេះរដ្ឋមន្ត្រីពាណិជ្ជកម្មថៃ បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ សារៈ សំខាន់លើឧស្សាហកម្មកែច្នៃម្ហូបអាហារ កសិឧស្សាហកម្ម ឧស្សាហកម្មទេសចរណ៍ ឧស្សាហ កម្មផលិតយានយន្ត។ ឯកឧត្តម រដ្ឋមន្ត្រីជឿជាក់ថា កម្ពុជានឹងទទួលបានជោគជ័យក្នុងការធ្វើ បដិវត្តន៍ឧស្សាហកម្ម ៤.០ (បច្ចេកវិទ្យាឌីជីថល) នាពេលអនាគតដ៏ខ្លីខាងមុខ ហើយថៃត្រៀមខ្លួន សហការជាមួយកម្ពុជាជានិច្ច។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការធ្វើពាណិជ្ជកម្មនៅតាមព្រំដែនរវាង ប្រទេសទាំងពីរផងដែរ។ លោករដ្ឋមន្ត្រីឧស្សាហកម្មថៃ បានលើកឡើងថា ការធ្វើពាណិជ្ជកម្មតាមព្រំ ដែនប្រទេសទាំងពីរ ពិតជារួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រី ក៏បានបង្ហាញក្តីរំពឹងផងដែរថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ កាន់ធំជាងពេល បច្ចុប្បន្នបន្ថែមទៀត។

ឆ្លើយតាមសំណើ និងការចង់បានរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថៃ ឯកឧត្តម បណ្ឌិត សុខ សុក្រឹត្យា សន្យានាំយកសំណើនេះដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ពិនិត្យសម្រេច។

ឯកឧត្តម បណ្ឌិត សុខ សុក្រឹត្យា ក៏បានឆ្លៀតជម្រាបជូនទៅរដ្ឋមន្ត្រីឧស្សាហកម្មថៃផងដែរថា កម្ពុជាពិតជាត្រូវការការគាំទ្រពីរាជរដ្ឋាភិបាលថៃលើការពង្រឹងពង្រីកសហគ្រាសធុនតូច និងមធ្យម (SME) ជាពិសេសផ្នែកទេសចរណ៍។ លោក សុក្រឹត្យា ក៏បានបង្ហាគ្តីសង្ឃឹមយ៉ាងមុតមាំដែរថា ទំនិញដែលកើតចេញពីការសហការគ្នារវាងកម្ពុជា-ថៃ នឹងទទួលបានការចែកចាយ និង ទទួលស្គាល់ ជុំវិញពិភពលោក។

ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ពាណិជ្ជករ និងប្រជាជនថៃ ចំពោះការគាំទ្រយ៉ាងសកម្មលើសហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា បានធ្វើឱ្យមានកំណើន ជាលំដាប់រៀងរាល់ឆ្នាំ។ រីឯការធ្វើពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរក្នុងកំឡុងពេលនេះ សូមឲ្យភាគីថៃកាត់បន្ថយបែបបទមិនចាំបាច់មួយចំនួន។

ក្នុងជំនួបនេះភាគីទាំងពីរ ក៏បានលើកឡេីងពីសារៈប្រយោជន៍ចំពោះឧស្សាហកម្មទេសចរណ៍ថៃ និងកម្ពុជា។ ចំណុចពិសេសនៃធុរកិច្ចនេះ គឺការប្រើដើមទុនតិច តែទទួលផលខ្ពស់។ ជាពិសេសផលិតផលល្អឯកតែមួយនៃប្រាសាទអង្គរវត្តកម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភព លោក ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បណ្ឌិត សុខ សុក្រឹត្យា ក៏បានជម្រាបសមភាគីថៃផងដែរ ពីការត្រៀមរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកប្រទេសឡើងវិញលើគ្រប់វិស័យ នៅដំណាច់ខែតុលា ឆ្នាំ២០២១ នេះ ដោយធ្វើការបន្ធូបន្ថយការធ្វើចត្តាឡីស័កអ្នកធ្វើដំណើរពីក្រៅប្រទេស។ ឯកឧត្តម បណ្ឌិត ក៏ បានជម្រាបរដ្ឋមន្ត្រីឧស្សាហកម្មថៃ លើភាពជោគជ័យរបស់កម្ពុជា លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលសម្រេចបានជាង ៨៥ភាគរយហើយ សម្រាប់ប្រជាពល រដ្ឋនៅទូទាំងប្រទេស៕