រាជរដ្ឋាភិបាលកម្ពុជា ជ្រើសយកវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន ឲ្យរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

 (ភ្នំពេញ)៖  តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល ទទួលបាននៅ ថ្ងៃទី១៩ ខែតុលានេះ គឺ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសយកយកវិទ្យាស្ថាននគរូបនី យកម្ម និងឌីសាញស៊ិនជិន (UPDIS) សម្រាប់រៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ពិធីចុះហត្ថលេខា «លើកិច្ចសន្យាផ្តល់សេវាកម្មរៀបចំផែនការមេ ដើមី្បអភិវឌ្ឍខេត្តព្រះសីហនុ ទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ និង មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, ស្ថានទូតនៃ បណ្តាប្រទេសជាមិត្ត, អង្គការអន្តរជាតិ និងសមាគមពាណិជ្ជកម្មមួយចំនួនទៀត ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom) ។

ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺជាផ្នែកមួយនៃការគិតគូរជាយុទ្ធសាស្ត្រ ក្នុងរយៈពេលមធ្យម និង វែង របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញកិច្ចអភិវឌ្ឍប្រកបដោយចីរភាព និង បរិយាប័ន្ន ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យ ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥, ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាក្នុងការប្រែក្លាយ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់ ក្នុងឆ្នាំ ២០៥០ ។

បណ្តាប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា, ខេត្តព្រះសីហនុ ជាតំបន់ដែលមានឧត្តមភាពខ្ពស់សម្រាប់ ការអភិវឌ្ឍ ដោយសារខេត្តនេះមានភូមិសាស្ត្រនៅជាប់សមុទ្រ, មានកំពង់ផែទឹកជ្រៅ, អាកាសយាន ដ្ឋាន និងតំបន់ឆ្នេរទេសចរណ៍ជាច្រើន។

ជាក់ស្ដែង, ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, ខេត្តព្រះសីហនុបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង ពោលគឺបានប្រែក្លាយពីខេត្តដែលស្ងៀមស្ងាត់ ទៅជាខេត្តដែលមានសកម្មភាពសេដ្ឋកិច្ចមមាញឹក និងរស់រវើកក្នុងវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ជាពិសេស ទៅជាតំបន់តភ្ជាប់ផលិតកម្ម និង ពាណិជ្ជកម្មក្នុងស្រុកយ៉ាងសំខាន់ ទៅនឹងបណ្ដាប្រទេសនានាក្នុងតំបន់ ។

ឈរលើមូលដ្ឋាននេះ, ការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង គឺមានគោលបំណង, ម្យ៉ាង, ដើម្បីទាញយកសក្ដានុពលអភិវឌ្ឍយ៉ាងច្រើន ដែលខេត្តព្រះសីហនុមាន ស្របទៅនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក, និងម្យ៉ាងទៀត, ដើម្បីចាប់យកកាលានុវត្តថ្មីៗ និងទាក់ទាញបន្ថែមនូវការវិនិយោគ និងធុរកិច្ច ដែលកើតចេញពីការ ផ្លាស់ប្ដូរខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ចូលមកកាន់កម្ពុជា ក្រោយវិបត្តិកូវីដ-១៩ សំដៅពន្លឿនការ អភិវឌ្ឍវិស័យឧស្សាហកម្ម, វិស័យកសិកម្ម និងវិស័យសេវាកម្ម ប្រកបដោយចីរភាព និងភាពធន់។

ដោយពិនិត្យឃើញពីសក្ដានុពលទាំងនេះ, រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ចក្ខុវិស័យ ប្រែក្លាយខេត្ត នេះឱ្យទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និង ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេស ដែលអាចឈានឆ្ពោះទៅជា «ក្បាលម៉ាស៊ីន» មួយថ្មី សម្រាប់ជំ រុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ ។

ដើម្បីសម្រេចឱ្យបាននូវចក្ខុ-វិស័យនេះ, ផែនការមេនេះកំណត់គោលដៅអភិវឌ្ឍប្រែក្លាយខេត្ត ព្រះសីហនុ៖ (១) ទីក្រុងដ៏ល្បី និងសំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍, (២) តំបន់ដែលប្រើប្រាស់ បច្ចេកវិទ្យាវ័យឆ្លាត (Smart Technology) និងបំពាក់ដោយសេវាសាធារណៈ/បរិក្ខា សម្រាប់រស់នៅ លំដាប់ពិភពលោក (World Class Facility), (៣) តំបន់ប្រកបដោយបរិស្ថានបៃតង និងតំបន់ឧស្សា ហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ ចូលរួមបម្រើឱ្យខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និងសកលលោក និង ជាពិសេស (៤) ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋ និងជាប្រភព ចំណូលជាតិ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទាំងមូល ។

ផែនការមេនេះក៏នឹងជាផែនទីចង្អុលផ្លូវ សម្រាប់សម្របសម្រួលការអនុវត្តរាល់សកម្មភាពរវាងភាគី-ពាក់ព័ន្ធ រួមទាំង រដ្ឋ, ឯកជន និង ដៃគូអភិវឌ្ឍន៍នានា ដោយឈរលើគោលដៅរួម និង ការទទួល ខុសត្រូវច្បាស់លាស់ តាមរយៈការកំណត់ទិសដៅសម្រាប់ការកៀរគរ, ទាក់ទាញ និងប្រមូលផ្តុំ ប្រភពធនធាន, សកម្មភាពធុរកិច្ច និងការវិនិយោគ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរយៈពេលវែង របស់រាជរដ្ឋាភិបាល ។

ការជ្រើសយកវិទ្យាស្ថាន UPDIS សម្រាប់ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺដោយសារវិទ្យាស្ថាននេះ មានបទពិសោធន៍ជាង៣០ឆ្នាំ និងបានរៀបចំប្រមាណ ៥ ៨០០ គម្រោងនៅលើពិភពលោក ជាពិសេស ជាស្ថាប័នដឹកមុខក្នុង ការរៀបចំផែន ការអភិវឌ្ឍទីក្រុងស៊ិនជិន។

វិទ្យាស្ថាន UPDIS នឹងប្រើប្រាស់នូវបទពិសោធន៍ទាំងនេះ ក្នុងការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឱ្យមានគុណភាពខ្ពស់ ដោយឆ្លុះបញ្ចាំង ពីចក្ខុវិស័យ និង ទិសដៅអភិវឌ្ឍរបស់កម្ពុជា ព្រមទាំងអាចអនុវត្តបាន ស្របទៅតាមបរិការណ៍ នយោបាយ, សេដ្ឋកិច្ច និង សង្គមកម្ពុជា ។

ជារួម, ផែនការមេនេះ ក៏នឹងក្លាយជាផែនទីចង្អុលផ្លូវសម្រាប់ការវិនិយោគដ៏សម្បូរបែប នៅក្នុងខេត្ត ព្រះសីហនុ ដោយមានភ្ជាប់ផែនការសកម្មជាក់លាក់សម្រាប់ការអនុវត្ត ដែលឆ្លុះបញ្ចាំងច្បាស់ពី កាលានុវត្តភាព សម្រាប់ការវិនិយោគពហុវិស័យ ក្នុងបរិបទឧស្សាហកម្ម ៤.០ រួមបញ្ចូលទាំងការ វិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមានគុណភាពខ្ពស់, វិស័យឧស្សាហកម្ម, វិស័យកសិកម្ម, វិស័យសេវាកម្មទេសចរណ៍ និងការរស់នៅប្រកបដោយសុខុមាលភាព ស្របទៅតាមទិសដៅការ អភិវឌ្ឍបៃតង និងប្រកបដោយចីរភាព។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញ នូវគោលនយោ បាយគាំទ្រនានាតាមការចាំបាច់ ក្នុងការជំរុញការអនុវត្តបន្ទាប់ពីផែនការមេនេះត្រូវបានអនុម័ត ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានស្នើរគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ, ដៃ គូអភិវឌ្ឍន៍, ដៃគូហិរញ្ញប្បទាន, វិស័យឯកជន និងសមាគមពាណិជ្ជកម្ម បន្តចូលរួមផ្តល់ការគាំទ្រ ដល់ការរៀបចំ និងការអនុវត្តផែនការមេ ឱ្យបានសម្រេចដូចការរំពឹងទុក៕