(ហុងកុង)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១ បានប្រាប់អោយដឹងថា មេដឹកនាំទីក្រុងហុងកុង លោកស្រី Carrie Lam បានរងរបួស បាក់កែងដៃស្ដាំ បន្ទាប់ពីរអិលដួលនៅឯការិយាល័យរបស់លោកស្រី កាលពីយប់ថ្ងៃចន្ទ ម្សិលមិញ ហើយបច្ចុប្បន្នលោកស្រីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
នៅក្នុងសេចក្ដីថ្លែងការណ៍, រដ្ឋាភិបាលទីក្រុងហុងកុងបានបញ្ជាក់ថាលោកស្រី Carrie Lam បាន ធ្វើដំណើរទៅកាន់មន្ទីរពេទ្យដោយខ្លួនឯង និងត្រូវបានក្រុមគ្រូពេទ្យ ឱ្យដឹងថាលោកស្រីបាក់កែងដៃ ស្ដាំបន្តិចបន្តួច»។
សូមជម្រាបថា ខណៈលោកស្រី Carrie Lam កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ, កិច្ចប្រជុំក្រុម ប្រឹក្សាប្រតិបត្តិទីក្រុងហុងកុង និងសន្និសីទសារព័ត៌មានរបស់ លោកស្រីនឹងត្រូវបានលុបចោល ហើយអនុប្រធានរបស់លោកស្រី គឺលោក John Lee ដែលត្រូវបានដំឡើងតំណែងកាលពីដើម ឆ្នាំ២០២១នេះ នឹងដឹកនាំការងារមួយចំនួនជំនួសលោកស្រី៕