ក្រសួងសាធារណការ រៀបចំកម្មវិធីផ្សាយផ្ទាល់ លើកទី៣ ប្រធានបទ «ឈ្វេងយល់ពីកត្តាសំខាន់ៗ និងសញ្ញាចរាចរណ៍សំខាន់ៗ ដើម្បីរួមចំណែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»


 (ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតកម្មវិធីផ្សាយផ្ទាល់លើទំព័រ Facebook របស់ក្រសួង ដើម្បីផ្តល់នូវព័ត៌មានផ្សេងៗ ព្រមទាំងផ្តល់ឱកាស ឱ្យប្រជាពលរដ្ឋសាកសួរព័ត៌មាន ទាក់ទងនឹងសមត្ថកិច្ចរបស់ក្រសួង។

កម្មវិធីផ្សាយផ្ទាល់នេះមានឈ្មោះថា «MPWT LIVE SHOW» ដែលបានចាប់ផ្តើមដំណើរការលើក ដំបូងបំផុតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដែលវាគ្មិនចូល មកស្វាគមន៍កម្មវិធីផ្សាយផ្ទាល់នោះ គឺលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងទទួលបានការ គាំទ្រយ៉ាងច្រើនពី សំណាក់ប្រជាពលរដ្ឋផងដែរ។

សម្រាប់កម្មវិធីផ្សាយផ្ទាល់ជាលើកទី៣នេះ នឹងរៀបចំឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ «ឈ្វេងយល់ពីកត្តាសំខាន់ៗ និងសញ្ញាចរាចរណ៍ សំខាន់ៗ ដើម្បីរួមចំណែកធ្វើឱ្យ ថ្ងៃនេះថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ដោយមានវាគ្មិនកិត្តិយសលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាគណៈកម្មាធិការជាតិសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក។ កម្មវិធីនេះនឹងចាប់ផ្តើមនៅម៉ោង ៨៖០០នាទីព្រឹក ដោយមានការផ្តល់ឱ កាសឱ្យ ប្រជាពលរដ្ឋ សួរសំណួរពាក់ព័ន្ធនឹងប្រធានបទខាងលើនេះផងដែរ។

គួរបញ្ជាក់ថាកម្មវិធី «MPWT LIVE SHOW» ដែលបង្កើតឡើងដោយក្រសួងសាធារណការ និង ដឹកជញ្ជូននេះ គឺជាកម្មវិធីចែករំលែកព័ត៌មានទៅក្នុងសង្គម និងអនុញ្ញាត ឱ្យប្រជាពលរដ្ឋ និងអ្នក ពាក់ព័ន្ធសួរសំណួរនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាផ្តល់ឱកាសឱ្យពួកគាត់បានចូល រួមជាមតិយោបល់ជាមួយថ្នាក់ដឹកនាំ ជំនាញពាក់ព័ន្ធ របស់ក្រសួងក្នុងពេលវេលាជាក់ស្ដែង នៅក្នុង បរិបទនៃការប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។

សម្រាប់ប្រជាពលរដ្ឋដែលមានសំណួរទាក់ទងនឹងប្រធានបទ «ឈ្វេងយល់ពីកត្តាសំខាន់ៗ និងសញ្ញា ចរាចរណ៍សំខាន់ៗដើម្បីរួមចំណែកធ្វើឱ្យថ្ងៃនេះថ្ងៃស្អែកកុំឱ្យមាន គ្រោះថ្នាក់ចរាចរណ៍» អាចសួរ សំណួរដោយទម្លាក់ចូលក្នុងខមិនក្នុងលីង https://www.facebook.com/mpwt.gov.kh នេះ ដើម្បីឱ្យមន្ត្រីជំនាញជ្រើសរើស មកឆ្លើយតបក្នុងកម្មវិធីផ្សាយផ្ទាល់ផងដែរ៕