កូរ៉េខាងជើងបាញ់សាកល្បង គ្រាប់មីស៉ីលបាលីស្ទីកទៀតហើយ, នេះបើតាមប្រភពពីកូរ៉េខាងត្បូង និងជប៉ុន


 (សេអ៊ូល)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP បានបញ្ជាក់ថា ប្រភពពី មន្ត្រីកូរ៉េខាងត្បូង និងជប៉ុនបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់សាក ល្បង «គ្រាប់មីស៊ីល បាលីស្ទីក» យ៉ាងហោចណាស់ចំនួន ១គ្រាប់ ចេញពីតំបន់ឆ្នេរភាគខាងកើត របស់ខ្លួន នៅព្រឹកថ្ងៃ អង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១ នេះតែម្តង។

ការបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទីក (មីស៊ីលដែលមានសមត្ថភាព អាចពាំក្បាលគ្រាប់នុយ ក្លេអ៊ែរ) របស់កូរ៉េខាងជើងនៅថ្ងៃអង្គារនេះ គឺជាលើកចុងក្រោយបំផុតហើយ។ វាបានកើតមានឡើង ចំពេលដែលប្រទេសកូរ៉េខាងត្បូង កំពុងតែរៀបចំពិធីដ៏ធំមួយ ដើម្បីតាំងបង្ហាញសព្វាវុធ, មន្ត្រីចារកម្ម កំពុងជួបពិភាក្សាគ្នា ដើម្បីឆ្លើយតបបញ្ហានុយក្លេអ៊ែរ និងការត្រៀមខ្លួនសម្រាប់វិស័យអវកាស។

បើតាមមន្ត្រីយោធាកូរ៉េខាងត្បូង គ្រាប់មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង ត្រូវបានបាញ់ចេញពី តំបន់ ស៊ីនផូ (Sinpo) ស្ថិតនៅជាប់ឆ្នេរសមុទ្រភាគខាងកើត ប្រទេសកូរ៉េខាងជើង កាលពីវេលាម៉ោង ១០៖១៧នាទីព្រឹកថ្ងៃអង្គារនេះ ម៉ោងទីក្រុងសេអ៊ូល។ កូរ៉េខាងជើងក៏ធ្លាប់បានបាញ់សាកល្បង គ្រាប់មីស៊ីលជាច្រើនប្រភេទរួចមកហើយ ចេញពីតំបន់នេះកាលពីលើកមុន។

សូមបញ្ជាក់តាមក្រុមមន្ត្រីយោធាកូរ៉េខាងត្បូង បានអះអាងថា ពួកគេកំពុងតាមដានស្ថានការណ៍ ខាងលើនេះ យ៉ាងដិតដល់ជាទីបំផុត ហើយក៏ត្រៀមខ្លួនដើម្បីសហការជាមួយសហរដ្ឋអាមេរិក នៅគ្រប់ពេលវេលាផងដែរ។ នៅក្នុងសប្តាហ៍នេះ តំណាងមកពីក្រុមហ៊ុនអន្តរជាតិរាប់រយក្រុមហ៊ុន និងតំណាងយោធាអន្តរជាតិផងដែរ កំពុងតែជួបជុំគ្នានៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដើម្បីបើកពិព័រណ៍អំពីវិស័យអវកាស និងការពារជាតិ (ADEX) ដ៏ធំប្រចាំឆ្នាំ២០២១៕