កម្ពុជា យកឈ្នះយេម៉ែន ៣-០ ក្នុងជំនួបបើកឆាកពូល C នៅបារ៉ែន


 (ភ្នំពេញ)៖ ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិយេម៉ែន ៣ប្រកួតដាច់ ក្នុងជំនួបបើកឆាកពូល C នៃព្រឹត្តិការណ៍ពានរង្វាន់វាយកូនបាល់អន្ដរជាតិប្រចាំទ្វីបអាស៊ី/អូសេអានី ក្រុមទី៤ Davis Cup 2021 (Asia/Oceania Group IV) នៅទីលាន Bahrain Tennis Federation Courts ក្នុងទីក្រុង Isa Town ប្រទេសបារ៉ែន នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ។ការប្រកួតដំបូងនេះ ក្រុមកីឡាករកម្ពុជា ធ្វើបានយ៉ាងល្អ ទាំងវិញ្ញាសាឯកត្តជន និងវាយគូ ក្នុងនោះកីឡាករសម្បូរដោយបទពិសោធន៍ ប៊ុន កេន្នី បានយកឈ្នះកីឡាករ Sallam Halil ២សិតជាប់គ្នា ក្នុងពិន្ទុ ៦-០ និង ៦-១ ។ រីឯកីឡាករ ឡុង សំណាង បានឈ្នះកីឡាករ Hussein Nawras ២សិតដាច់ដូចគ្នា ក្នុងពិន្ទុ ៦-២ និង ៦-៤ ។ រីឯវិញ្ញាសាវាយគូ កីឡាករ ឃ្លាំង ពន្លក និងកីឡាករ ទេព ធីម៉ូធី បានយកឈ្នះក្រុមយេម៉ែន ដោយពិន្ទុ ៦-១ និង ៦-០ ។

គួរដឹងថា បេសកកម្មរបស់ក្រុមកីឡាវាយកូនបាល់កម្ពុជា ដើម្បីប្រជែងកៅអីក្រុមទី៣ នៃព្រឹត្តិការណ៍ Davis Cup នេះ កម្ពុជាស្ថិតក្នុងពូល C ជាមួយអ៊ីរ៉ង់, គីជីស្ថាន និងយេម៉ែន ។ ការប្រកួតក្រុមទី៤ ដែលបារ៉ែនធ្វើម្ចាស់ផ្ទះនេះ គឺមាន ១២ប្រទេសចូលរួម និងបែងចែកជា ៣ពូល ក្នុងមួយពូលមាន ៤ក្រុម ដោយគ្រោងដំណើរការប្រកួតពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ។

កម្ពុជាបានបញ្ជូនកីឡាករ ៤រូបទៅចូលរួម រួមមានកីឡាករ ប៊ុន កេន្នី, ឡុង សំនៀង, ទេព ធីម៉ូធី និងកីឡាករ ឃ្លាំង ពន្លក ដែលដឹកនាំដោយលោក ទេព រិទ្ធីវិត អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ៕