មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកឡើងថា អាមេរិកគាំទ្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស


 (ភ្នំពេញ)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបន្តប្តេជ្ញាចិត្តគាំទ្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង ការជួញដូរមនុស្ស ឲ្យមានកម្រិតកាន់តែល្អប្រសើរជាងមុន។ នេះបើយោងតាមការឲ្យដឹង ពីលោក ជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។

ជំហររបស់សហរដ្ឋអាមេរិក បានបង្ហាញឡើងនៅក្នុងកិច្ចប្រជុំជាមួយភាគីកម្ពុជាអំពី «វឌ្ឍនភាពនៃ ការងារ ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ការប្រឈម និងដំណោះស្រាយ» នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាព លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy បានលើកឡើងថា រដ្ឋាភិបាលរបស់ លោកប្តេជ្ញាចិត្តក្នុងការបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការជួញ ដូរមនុស្ស ឲ្យនៅសល់កម្រិតទាបបំផុត ខណៈភាគីកម្ពុជាវិញ អះអាងថា ខ្លួនកំពុងធ្វើសេចក្តីព្រាងទាក់ទងនឹង ការជួញដូរមនុស្សនេះក្នុងវិស័យអប់រំផងដែរ។

លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់យ៉ាងដូច្នេះ៖ «ជាទូទៅ សហរដ្ឋអាមេរិក គាត់មានការប្តេជ្ញាចិត្តថា ជួយប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សគ្រប់ប្រទេស។ ដោយឡែកកម្ពុជា គាត់ប្តេជ្ញាចិត្តថា នឹងបន្ត គាំទ្រ ដើម្បីធ្វើយ៉ាងណាឲ្យសកម្មភាពជួញដូរមនុស្ស ត្រូវបានកាត់បន្ថយ»

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ, ភាគីពាក់ព័ន្ធក៏កំពុងសម្លឹងមើលលទ្ធភាព ដើម្បីធ្វើឲ្យការ វាយតម្លៃ លើការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅប្រទេសនេះ ឲ្យឡើងពីប្រទេសលេខ២ នៃការឃ្លាំមើល មកជាលេខល្អវិញផងដែរ៕