សហរដ្ឋអាមេរិកនឹងទទួលស្គាល់វ៉ាក់សាំង «ចំរុះ» សម្រាប់អ្នកដំណើរពីអន្តរជាតិ, មិនមែនតែវ៉ាក់សាំង WHO ទទួលស្គាល់ឡើយ

 (វ៉ាស៊ីនតោន)៖ ជាការបោះជំហានថ្មីមួយទៀត ដើម្បីជំរុញការធ្វើដំណើរពីប្រទេសកាណាដា និងអន្តរជាតិចូលកាន់ប្រទេសខ្លួន មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) នៃសហរដ្ឋអាមេរិក បានសម្រេចកាលពីយប់ថ្ងៃសុក្រ (ម៉ោងនៅវ៉ាស៊ីនតោន) ថា នឹងទទួលស្គាល់វ៉ាក់សាំងបង្ការជំងឺ COVID-19 «ចំរុះ» ដែលអ្នកដំណើរអន្តរជាតិបានចាក់រួចរាល់ មុននឹងមកដល់ទឹកដីសហរដ្ឋ អាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១។

កាលពីសប្តាហ៍មុននេះ ស្ថាប័ន CDC នៃសហរដ្ឋអាមេរិក បានប្រកាសទទួលស្គាល់តែវ៉ាក់សាំង បង្ការ COVID-19 នានា ដែលត្រូវបានអង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់តែ ប៉ុណ្ណោះ។ កន្លងមកនេះ វ៉ាក់សាំងដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការដោយ WHO រួមមានដូចជា វ៉ាក់សាំង Moderna, Pfizer-BioNTech, Janssen (Johnson & Johnson), Oxford/AstraZeneca, Serum (សហការជាមួយ AstraZeneca), Sinopharm និង Sinovac។

យ៉ាងណាក៏ដោយ ប្រទេសមួយចំនួនដូចជា ឥណ្ឌា និងវៀតណាមជាដើម ត្រូវបានគេមើលឃើញថា បាននិងកំពុងប្រើប្រាស់វ៉ាក់សាំង ដែលមិនទាន់ត្រូវបានអនុម័តដោយ WHO ដោយសារតែស្ថាន ការណ៍ចាំបាច់ នៅក្នុងប្រទេសទាំងនេះ៕