(កាប៊ុល)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១ បានប្រាប់អោយដឹងថា ការផ្ទុះដ៏កក្រើកមួយបានកើតមានឡើង នៅក្នុងព្រះ វិហារមូស្លីម-ស៊ីអ៉ីត មួយកន្លែង ឈ្មោះ អ៊ីម៉ាម បារហ្គា (Imam Barga) ស្ថិតក្នុងទីក្រុង កាន់ដាហារ (Kandahar) ភាគខាងត្បូងប្រ ទេសអាហ្វហ្កានីស្ថាន ខណៈមានការសង្ស័យថា អាចមានមនុស្ស ស្លាប់ និងរងរបួសជាច្រើននាក់។
ព្រះវិហារកើតហេតុខាងលើនេះ ស្ថិតនៅក្នុងសង្កាត់ PD 1 នៃទីក្រុង Kandahar ចំពេលដែលអ្នក ប្រតិបត្តិការសាសនាជាច្រើននាក់ បានចូលថ្វាយបង្គំសម្រាប់ថ្ងៃសុក្រ។ បើតាមសាក្សីដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានក្នុងតំបន់នោះថា Imam Barga ជាព្រះវិហារធំជាងគេបំផុតប្រចាំទីក្រុង Kandahar ដែលអាចទទួលអ្នកថ្វាយបង្គំ បានរហូតដល់ទៅ ៤,០០០នាក់ឯណោះ។
សូមជម្រាបថា នេះជាករណីផ្ទុះលើកចុងក្រោយហើយ ក្នុងចំណោមករណីផ្ទុះជាច្រើនលើក ដែលបានកើតមានឡើងជាងមួយសប្តាហ៍មកនេះ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ការផ្ទុះដ៏កក្រើកមួយដែលស្នាដៃរបស់ក្រុមភេរវករ ISIS បានកើតមាន ឡើងទៅលើព្រះវិហារមួយស្ថិតក្នុងទីក្រុង ឃុនដឹស (Kunduz) ភាគខាងជើងប្រទេសអាហ្វហ្កា នីស្ថាន ដោយបានផ្តាច់ជីវិតមនុស្សជាង ៥០នាក់ និងជាច្រើននាក់ទៀតរងរបួស។
Kandahar គឺជាទីក្រុងធំបំផុតនៃខេត្ត Kandahar (ឈ្មោះទីក្រុង និងខេត្តដូចគ្នា) ស្ថិតនៅភាគ ខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន។ ទីក្រុងនេះ ជាទីក្រុងធំបំផុតលំដាប់លេខ ២ នៅអាហ្វហ្កានីស្ថាន បន្ទាប់ពីទីក្រុងកាប៊ុល ដោយមានប្រជាជនរស់នៅសរុបជាង ៦០០,០០០នាក់ និងមានព្រំដែនជាប់ ប្រទេសប៉ាគីស្ថាន៕