(ភ្នំពេញ)៖ សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានបង្ហោះសារក្នុងន័យគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ គម្រប់ខួប៩ឆ្នាំ នៃការយាងសោយព្រះទិវង្គត។
Facebook ផ្លូវការរបស់ ASEAN បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅថ្ងៃទី១៥ ខែតុលា ប្រជាជនកម្ពុជា បានរៀបចំពិធីគោរពព្រះព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ដែលត្រូវបានស្គាល់ថា ជាព្រះបិតាជាតិខ្មែរ។ យើងសូមជូនពរអ្នកគ្រប់គ្នា ឲ្យទទួលបាននូវការរំលឹកដោយសន្តិភាព និងសុវត្ថិភាព»។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ទ្រង់យាងសោយព្រះទិវង្គត នៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ០១៖២០នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ ក្នុងជន្មាយុ ៩០ព្រះវស្សា។
ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ, រាជរដ្ឋាភិបាលនៃកម្ពុជា បានយកថ្ងៃទី១៥ ខែតុលា ជាថ្ងៃកាន់បុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល៕