ឆ្លងចរន្តអគ្គិសនី បណ្តាលឆាបឆេះផ្ទះ ដោយបំផ្លាញសម្ភារអស់មួយចំនួននៅខណ្ឌបឹងកេងកង


 (ភ្នំពេញ)៖ គ្រោះអគ្គិភ័យមួយដែលបានកើតឡើងនៅវេលាម៉ោង ៩៖៤៥នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះជួលតាមបណ្តោយផ្លូវព្រះនរោត្តម ក្រុម៦៨ ភូមិ៥ សង្កាត់បឹងកេង កងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយបំផ្លាញសម្ភារមួយចំនួន។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ចំពោះមូលហេតុនៃការឆាបឆេះបណ្តាលមកពីការឆ្លង ចរន្តអគ្គិសនី។

ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះថ្មបេតុង ទំហំ៤ម៉ែត្រ គុណ៤ម៉ែត្រ ខូចខាតសម្ភារប្រើ ប្រាស់អស់មួយចំនួន និងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់៣ឡានស្មើនឹង១២ម៉ែត្រគូប រថយន្តជំនួយមកក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ពុំប្រើប្រាស់ទឹក ទើបរលត់ទាំងស្រុងនៅវេលាម៉ោង១០នាថ្ងៃដដែល៕