សហភាពអឺរ៉ុបសន្យាផ្ដល់ជំនួយមនុស្សធម៌ ១.២ពាន់លានដុល្លារដល់ អាហ្វហ្កានីស្ថាន

(ដូហា)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ គឺ ក្រុមតាលីបង់បានចូលរួមក្នុងជំនួបទល់មុខជាលើកដំបូងជាមួយក្រុមប្រតិភូមកពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនៅថ្ងៃអង្គារសប្ដាហ៍នេះ នៅក្នុងប្រទេស កាតា ខណៈសហភាពអឺរ៉ុបសន្យាផ្ដល់ ជំនួយ ១.២ពាន់លានដុល្លារដល់់ប្រទេសអាហ្វហ្កានីស្ថាន។

នៅឯជំនួបក្នុងទីក្រុងដូហា ប្រទេសកាតា និងសន្និសីទមួយនៃក្រុមប្រទេស G20, ក្រុមមេដឹកនាំ ពិភពលោកបានបញ្ជូនសារដូចគ្នាដល់តាលីបង់ នោះគឺពិភពលោកប្ដេជ្ញាចិត្ត ផ្ដល់ជំនួយមនុស្សធម៌ ដល់ប្រជាជនអាហ្វហ្កានីស្ថានហើយធានាឱ្យបានថាប្រទេសមួយនេះនឹងមិនក្លាយជាឋានសួគ៌របស់ក្រុមភេរវករជាដាច់ខាត។ ក្រុមតាលីបង់ កំពុងស្វះស្វែងរកការទទួលស្គាល់ពីអន្តរជាតិ រួមទាំងជំនួយ ដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌ បន្ទាប់ពីពួកគេឡើងកាន់អំណាចសាជាថ្មីកាលពីខែសីហាកន្លងទៅ ក្រោយអាមេរិក និង NATO ដកកងទ័ពចេញ។

សូមបញ្ជាក់ថា បើតាមប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ជំនួយរបស់ សហភាពអឺរ៉ុបមានគោលដៅបញ្ចៀសវិបត្តិមនុស្សធម៌ និងការដួលរលំសេដ្ឋកិច្ចរបស់អាហ្វហ្កា នីស្ថាន។ លោកស្រីបន្ថែមថាជំនួយនឹងត្រូវផ្ដល់ដោយផ្ទាល់ជូនប្រជាជនអាហ្វហ្កានីស្ថាន តាមរយៈ អង្គការអន្តរជាតិនានា ពោល មិនមែនតាមរយៈរដ្ឋាភិបាលតាលីបង់ ដែលសហភាពអឺរ៉ុបមិន បានទទួលស្គាល់នោះទេ៕