(បាងកក)៖ តាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post បានអោយដឹងថាក្រសួង សុខាភិបាលថៃនៅថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណី ឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩,៤៤៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៩,២៤៤ករណី ត្រូវបាន រកឃើញនៅលើប្រជាជនថៃទូទៅ និង ២០១ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាម ពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៨៤នាក់បន្ថែមទៀត ក៏ត្រូវ បានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺ ចំនួន ១១,៤៥២នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះ ស្បើយ។
សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ១,៧៣០,៣៦៤ករណី ក្នុងនោះមានអ្នកស្លាប់ ១៧,៨៣៥នាក់ និងអ្នកជា សះស្បើយឡើងវិញ ១,៦០៤,៣៥៥នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៦០.៤៧លានដូស ក្នុងនោះប្រជាជន ២៣.៥៤លាននាក់ (៣៣.៦៦% នៃចំនួនប្រជាជន សរុប) បានទទួលការចាក់គ្រប់ដូស៕