គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម បើកកិច្ចប្រជុំលើកដំបូង ដាក់នូវទិសដៅការងារចំនួន៩


 (ភ្នំពេញ)៖ គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំលើកទី១ តាមរយៈប្រព័ន្ធអនឡាញ ដែលបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដឹក នាំដោយបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ជ.ស.ព. (NCTF) ដែលមានការចូលរួមពីបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អនុប្រធាន គ.ជ.ស.ព, ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុប្រធាន គ.ជ.ស.ព, លោក លោកស្រី មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជាសមាជិក គ.ជ.ស.ព. និងតំណាងដៃគូអភិវឌ្ឍន៍។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួល ពាណិជ្ជកម្ម WTO-TFA, ជំរុញប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀង, អនុម័តដាក់ឱ្យប្រើប្រាស់ ផែនទីចង្អុលផ្លូវស្ដីពីកិច្ចសម្រួលពាណិជ្ជកម្ម ឆ្នាំ២០២២-២០២៥ និងទិសដៅអនុវត្តបន្ត។

បណ្ឌិតសភាចារ្យ ជូ វិជិត្ត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងវឌ្ឍនភាព ដែល គ.ជ.ស.ព និង លេខាធិការដ្ឋានសម្រេចបាន ជាបន្តបន្ទាប់ ក្នុងរយៈពេលជិត២ ឆ្នាំបន្ទាប់ពី គ.ជ.ស.ព បានបង្កើត ទ្បើង ជាពិសេស ការធានាកិច្ចដំណើរការ និងការប្រព្រឹត្តទៅរបស់ គ.ជ.ស.ព និងលេខាធិការដ្ឋាន, ការជូនដំណឹងទៅគណៈកម្មាធិការកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោកទាន់ពេលវេលាដែលបានកំណត់ដោយកិច្ចព្រមព្រៀង, បញ្ចប់ជាស្ថាពរនូវសេចក្តីព្រាងផែនទីចង្អុលផ្លូវ និងការកៀរគរធនធានជាជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ។

អង្គប្រជុំបានសម្រេចដាក់នូវទិសដៅការងារបន្តមួយចំនួនដូចខាងក្រោម៖

១៖ ស្នើដល់សមាជិកគណៈកម្មាធិការ ដែលជាតំណាងមកពីស្ថាប័នពាក់ព័ន្ធចាត់ចែងបង្កើតក្រុមការងារជំនាញបច្ចេកទេសនៅក្នុងស្ថាប័នរបស់ខ្លួន ដើម្បីសហការជាមួយក្រុមការងារលេខាធិការដ្ឋាន ពិនិត្យលើភាពខ្វះចន្លោះនូវច្បាប់ បទប្ប ញ្ញត្តិ នីតិវិធី ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរបស់កម្ពុជា អនុលោមតាមកិច្ចព្រមព្រៀង WTO-TFA ដើម្បីលើកគម្រោង ឬផែនការសកម្មភាពអនុវត្តបំពេញបន្ថែមសំដៅឱ្យការអនុវត្ត WTO-TFA របស់ កម្ពុជាមានអនុលោមភាពពេញលេញ។

២៖ ស្នើសុំស្ថាប័នពាក់ព័ន្ធជំរុញអនុវត្តបញ្ញត្តិនៃកិច្ចព្រមព្រៀង WTO-TFA ដែលស្ថិតក្នុងប្រភេទ A និងប្រភេទ B

៣៖ ស្នើដៃគូអភិវឌ្ឍន៍ពិនិត្យលទ្ធភាពបន្តផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុឱ្យចំគោលដៅ ជា ពិសេសលើបញ្ញតិ្តដែលកម្ពុជាបានកំណត់ថាជាប្រភេទ C ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង WTO-TFA ឱ្យបានពេញលេញគ្រប់ជ្រុងជ្រោយ

៤៖ ជំរុញលើកទឹកចិត្តក្រសួង/ស្ថាប័នដែលយឺតយ៉ាវក្នុងការចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ រួសរាន់ចូលរួមអនុវត្តប្រព័ន្ធនេះ ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា ហើយក៏ជាកាតព្វកិច្ច របស់កម្ពុជាក្នុងក្របខណ្ឌសមាជិកអាស៊ាន និង ក្របខណ្ឌកិច្ចព្រមព្រៀង WTO-TFA

៥៖ ស្នើសុំក្រសួង/ស្ថាប័ន និងសភាពាណិជ្ជកម្មកម្ពុជា ចូលរួមរៀបចំកសាងផែនការសកម្មភាព គ្របដណ្តប់រាល់២ឆ្នាំម្តង ដើម្បីអនុវត្តឯកសារផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ឆ្នាំ២០២២-២០២៥ ដែលអង្គប្រជុំបានអនុម័ត

៦៖ ជម្រុញរៀបចំដាក់ឱ្យដំណើរការគេហទំព័រ គ.ជ.ស.ព សម្រាប់ផ្សព្វផ្សាយព័ត៌មានវឌ្ឍនភាពការ ងារពាក់ព័ន្ធកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា

៧៖ ចងក្រងនិងបោះពុម្ភផ្សាយកម្រងបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម និងចែកជូនសមាជិក ក្រសួង/ស្ថាប័ន និងវិស័យឯកជន

៨៖ ស្នើបណ្ឌិត គុណ ញឹម អនុប្រធានអចិន្រ្តៃយ៍ នៃ គ.ជ.ស.ព និងជាប្រធានលេខាធិការដ្ឋាន បន្ត ដឹកនាំការងារសម្របសម្រួលជាមួយក្រសួង/ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនលើការងារកិច្ច សម្រួលពាណិជ្ជកម្ម រួមជាមួយការងារចាំបាច់មួយចំនួនទៀត ដែលគាំទ្រដល់ការអនុវត្តកិច្ចព្រម ព្រៀង WTO-TFA នេះ

៩៖ ស្នើលេខាធិការដ្ឋានរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

បណ្ឌិតសភាចារ្យ ជូ វិជិត្ត បានលើកឡើងថា ការបន្តចូលរួមផ្តល់យោបល់ និងចូលរួមអនុវត្ត យ៉ាង សកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រសួង- ស្ថាប័នជំនាញ ពាក់ព័ន្ធ និងវិស័យឯក ជន គឺជាមូលដ្ឋានសំខាន់ ដើម្បីឈានទៅដល់ការអនុវត្តតាមបញ្ញតិ្តនានានៃកិច្ចព្រមព្រៀង WTO-TFA បានពេញលេញនាពេលខាងមុខឆាប់ៗ ដែលជាការរួមចំណែកជំរុញកិច្ចសម្រួលពាណិជ្ជកម្ម បង្កើនបរិយាកាស វិនិយោគ និងភាពប្រកួតប្រជែងនៅកម្ពុជា ឱ្យកាន់តែមានភាពទាក់ទាញ និងល្អប្រ សើរឡើងថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕