អាជីវកម្មនានាបើកទ្វារឡើងវិញនៅស៊ីដនី, អូស្ត្រាលីកំពុងរៀនរស់ជាមួយកូវីដ-១៩ ខណៈអត្រាចាក់ វ៉ាក់សាំងកើនដល់កម្រិតខ្ពស់


 (ស៊ីដនី)៖  តាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ ២០២១ គឺហាងកាហ្វេ កន្លែងហាត់ប្រាណ និងភោជនីយដ្ឋាននៅក្នុងទីក្រុងស៊ីដនី (Sydney) នៃរដ្ឋញូសោតវែលស៍ (New South Wales) ប្រទេសអូស្រ្តលី នៅថ្ងៃចន្ទនេះបានបើកទទួល ស្វាគមន៍អតិថិជន ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ០២ដូស) ឡើងវិញហើយ បន្ទាប់ពីការបិទខ្ទប់អស់រយៈពេលជិត ៤ខែ ខណៈប្រទេសនេះមាន បំណងចាប់ផ្តើមរស់នៅ ជាមួយជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ តាមរយៈអត្រាចាក់វ៉ាក់សាំង កម្រិតខ្ពស់ និងដើម្បីបើកប្រទេសឡើងវិញបន្តិចម្តងៗ។

ហាងស្រាមួយចំនួននៅក្នុងទីក្រុងស៊ីដនី ដែលជាទីក្រុងមានប្រជាជនរស់នៅ ច្រើនបំផុតរបស់ ប្រទេសអូស្រ្តាលី ក៏បានបើកទ្វារឡើងវិញនៅវេលាម៉ោង ១២៖០១កណ្ដាលអធ្រាត្រ (ម៉ោងក្នុង ស្រុក) ផងដែរនៅថ្ងៃចន្ទនេះ ខណៈមិត្តភក្តិ និងក្រុមគ្រួសារអាចជួបជុំគ្នាផឹកស្រាបាន ទាំងកណ្តាល អធ្រាត្រ។ នៅក្រោមច្បាប់បន្ធូរបន្ថយវិធានការនេះ អ្នកដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ចំនួន ១០នាក់អាចប្រមូលផ្តុំគ្នានៅក្នុងផ្ទះបាន ខណៈ ១០០នាក់អាចចូលរួមពិធីមង្គលការ និងពិធី បុណ្យសពបាន។ ប៉ុន្តែអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង ត្រូវតែនៅក្នុងផ្ទះរហូតដល់ថ្ងៃទី០១ ខែធ្នូ។

លោក ដូមីនិច ភែរ៉ូតថេត (Dominic Perrottet) អភិបាលរដ្ឋ New South Wales បានគូសបញ្ជាក់ ប្រាប់ទូរទស្សន៍ជាតិ ABC ថា «ពិតជាមានភាពរំជើបរំជួលជាច្រើន ជុំវិញការបើកឡើងវិញនេះ ប៉ុន្តែ វាពិតជាត្រូវតែធ្វើឱ្យប្រាកដថា យើងបន្តមើលថែគ្នាទៅវិញទៅមក ដោយព្រមានពីការឆ្លងនឹងកើន ឡើង បន្ទាប់ពីការបើកទ្វារឡើងវិញនេះ»។ លោក Dominic Perrottet បានគូសបញ្ជាក់ប្រាប់បន្ថែម ថា «នេះគឺជាភាពជោគជ័យរបស់យើងមួយ ដែលមនុស្សគ្រប់គ្នាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បី ទទួលបានការចាក់វ៉ាក់សាំង»