ថៃមាន មនុស្សជាង ១០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧៣នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ


 (បាងកក)៖  តាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post បានបញ្ជាក់អោយដឹងថា

ក្រសួងសុខាភិបាលថៃនៅថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០,៦៣០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១០,៥៦៣ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៦៧ករណីទៀត ត្រូវបានរកឃើញ នៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៧៣ នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១០,៥៤២នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរ ពេទ្យ ក្រោយជាសះស្បើយ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ១,៧០០,០៦៧ករណី ក្នុងនោះមានអ្នកស្លាប់ ១៧,៦០៧នាក់ និងអ្នកជា សះស្បើយឡើងវិញ ១,៥៧២,៣៣២នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៥៨.៣១លានដូស ក្នុងនោះប្រជាជន ២២.៥លាននាក់ (៣២.១៥% នៃចំនួនប្រជាជន សរុប) បានទទួលការចាក់គ្រប់ដូស៕