ក្រោយពេលបិទល្បែងតាម Online ស្ថានភាពទីក្រុងព្រះសីហនុ នឹងប្រែប្រួលខ្លាំង

ខេត្តព្រះសីហនុ ៖ ក្រុមអ្នកវិនិយោគទុនចិន និងពលរដ្ឋខ្មែរ មួយចំនួន រស់នៅក្រុងព្រះសីហនុ កំពុងតែច្របូកច្របល់រកគិតអីមិនយល់ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទល្បែងស៊ីសងតាម Online និងផុតឱសានវាទនៅបំណាច់ឆ្នាំ២០១៩ នេះ។

បច្ចុប្បន្ននេះ នាក្រុងព្រះសីហនុ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទល្បែងអនឡាញភ្លាម គឺគេសង្កេតឃើញថា ស្ថានភាពវិនិយោគចិន នៅខេត្តព្រះសីហនុ បានជួប នូវក្តីកង្វល់ជាខ្លាំង។

ក្នុងនោះ ក៏មានការវាយតម្លៃថា ក្នុងរយៈជាងកន្លះឆ្នាំទៀត ក្រុមហ៊ុន ឬកាស៊ីណូខ្លះ របស់អ្នកវិនិយោគទុនចិន នឹងត្រូវដួលរំលំ ឬបើមិនដូច្នេះទេ ពួកគេនឹងចាកចេញពីទីក្រុងព្រះសីហនុ ចេញទៅរកកន្លែងថ្មី ឬប្រទេសដទៃទៀត ដើម្បីធ្វើការវិនិយោគ មានដូចជាប្រទេសហ្វីលីពីនជាដើម។ ហើយថា កន្លងមកនេះ តាមការសង្កេតឃើញមាន ថៅកែកាស៊ីណូខ្លះ ដែលវិនិយោគ ដោយជនជាតិចិនបានចាកចេញជាបណ្តើរៗរួចទៅហើយៗ ការដ្ឋានសំណង់អគារខ្លះបាននឹងកំពុងបន្តសាងសង់ និងអគារខ្លះទៀតផ្អាកការសាងសង់ជាបណ្តោះអាសន្ន។

ត្រង់ចំណុចនេះ តើក្រោយរដ្ឋាភិបាលបានក្រកាសបិទ ឬឱសានវាទបិទល្បែងស៊ីសង បានចូលដល់ថ្ងៃកំណត់ត្រឹមបំណាច់ឆ្នាំ២០១៩នេះ សំណួរសួរថា តើវាបានប៉ះពាល់អ្វីខ្លះដល់អ្នកវិនិយោគទុនចិន និងប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ ជាពិសេសក្រុមមនុស្ស ដែលទៅខ្ចីលុយពីធនាគារ សម្រាប់សាងសង់អគារ ឬផ្ទះតូច ទុកជួលឲ្យជនជាតិចិន?

ត្រង់ចំណុចនេះ តាមការសង្កេតជាក់ស្តែង រាល់ថ្ងៃនេះ ឃើញមានក្រុមហ៊ុនមួយចំនួន របស់ថៅកែជនជាតិចិន បាននឹងកំពុងប្រកាសលក់ឡាយឡុងសម្ភារៈប្រើប្រាស់ផ្សេងៗដូចជា៖ គ្រឿងសង្ហារិម និងមានក្រុមហ៊ុនខ្លះទៀតបានបិទក្រុមហ៊ុនលែងដំណើរការជាដើម។

ក្នុងនោះ ចំពោះទីតាំងកាស៊ីណូអនឡាញមួយចំនួន អាចនឹងនៅបន្តសកម្មភាពធ្វើអាជីវកម្ម របស់ខ្លួន បើកត្រឹមជាសណ្ឋាគារ សម្រាប់ជួលឲ្យភ្ញៀវស្នាក់នៅធម្មតាៗតែប៉ុណ្ណោះ។

ផ្តើមពីបញ្ហានេះ ចំពោះប្រជាពលរដ្ឋ មានលំនៅឋានរស់នៅក្រុងព្រះសីហនុ ដែលកន្លងមកត្រូវបានជនជាតិចិនជួលផ្ទះ ឬអគារ ក្នុងតម្លៃខ្ពស់ ចាប់ពី ១ម៉ឺន ដល់ ២ម៉ឺនដុល្លារ អាមេរិក ក្នុងមួយខែនោះ ប៉ុន្តែបច្ចុប្បន្ននេះ បានធ្លាក់តម្លៃមកត្រឹមតែ ៤ពាន់ ឬ ៥ពាន់ដុល្លារ ក្នុងមួយខែ។

ត្រង់ចំណុចនេះ អ្នកវិភាគក្រៅផ្លូវការមួយចំនួន បានវាយតម្លៃថា តម្លៃថ្លៃជួលផ្ទះ ឬក៏ជួលដី នៅទីប្រជុំជនក្រុងព្រះសីហនុ នឹងអាចធ្លាក់ចុះថ្លៃជាងបន្ថែមទៀតក៏ថាបានដែរ នាថ្ងៃខាងមុខ។

ចំពោះតម្លៃផ្ទះ, អគារ និងដី ទុកសម្រាប់ជួល ហើយអាចធ្លាក់តម្លៃនៅក្នុងក្រុងព្រះសីហនុនេះ គឺរឿងដែលធ្ងន់ធ្ងរ ហើយអ្នកជាប់ពាក់ព័ន្ធដេកក៏មិនលក់បក់ក៏មិនល្ហើយ ឬក៏ចង់យំ ក៏យំមិនចេញទឹកភ្នែកនោះ គឺក្រុមមនុស្ស ដែលទៅខ្ចីលុយពីធនាគារ ដើម្បីយកមកសង់ផ្ទះ ឬអគារ ទុកសម្រាប់ជួលឲ្យជនជាតិចិន ដយោយរំពឹងថា នឹងទទួលបានតម្លៃជួលខ្ពស់ ខណ:បច្ចុប្បន្នភាព នាទីប្រជំជនក្រុងព្រះសីហនុ រាល់ថ្ងៃនេះ គេសង្កេតឃើញ ថៅកែចិន ឬជនជាតិចិនភាគច្រើន បានចាកចេញចោលទីតាំង ដែលពួកគេបានជួលអស់ជាច្រើនកន្លែង។ មានទីតាំងខ្លះ ថៅកែចិន ឬជនជាតិ ចិនទាំងនោះ បានលួចចាកចេញ ដោយមិនបានប្រាប់ម្ចាស់ផ្ទះ និងមិនយកសម្ភារៈប្រើប្រាស់ ដែលមាននៅក្នុងផ្ទះ ឬអគារជួលទាំងនោះទៅជាមួយទេ។

ចំណែកឯអ្នកទិញដី ដែលបានកក់ប្រាក់ជាដំណាក់កាលៗដូចជា៖ បានកក់ប្រាក់ដំណាក់កាលទី១ ឬទី២រួចហើយនោះ ក៏កំពុងពិចារណាថា តើត្រូវបន្តបង់លុយ ឲ្យម្ចាស់ដីគេទៀត ឬក៏សុខចិត្តខាតលុយកក់នោះចោល។

ងាកមកអាជីវករ ឬអ្នកលក់គ្រឿងសំណង់ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលលក់ជំពាក់ប្រាក់នោះ ក៏កំពុងស្ពឹកមុខខ្លាំងសម្បើមណាស់ដែរ ព្រោះកំពុងជួបបញ្ហា អ្នកបញ្ជាទិញ មិនមានប្រាក់សងបំណុលពួកគេជាដើម។

យ៉ាងនេះក្តី គេសង្កេតឃើញថា អ្វីដែលរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ បានចំណេញភ្លាមៗមកវិញ គឺការទប់ស្កាត់បានបទល្មើសឧក្រិដ្ឋ មួយចំនួនមានដូចជា បទល្មើសចាប់ជំរិត, ការលាងលុយកខ្វក់, បទល្មើសប្លន់ប្រដាប់អាវុធ និងបទល្មើសគ្រឿងញៀនជាដើម គឺរក្សាបានសន្តិសុខ និងសណ្តាប់ធ្នាប់ នាទីប្រជុំជនក្រុងព្រះសីហនុ បានប្រសើរជាងមុន។

យ៉ាងណាក៏ដោយចុះ យោងតាមប្រភពព័ត៌មានមួយ បានឲ្យដឹងថា អ្នកវិនិយោគលើវិស័យកាស៊ីណូ ពិសេសល្បែងស៊ីសងតាម Online ពេលនេះ ពួកគេបានវេចបង្វិចរើកញ្ជើល្អី វិលទៅវិនិយោគល្បែងប្រភេទនេះ ទៅបើកនៅបណ្តាប្រទេសមួយចំនួន នៅប្រទេសហ្វីលីពីន និងទ្វីបអាហ្វ្រិកជាដើម។

ចំពោះប្រទេសហ្វីលីពីន កន្លងមក លោកប្រធានាធិបតី ហ្វីលីពីន ក៏ធ្លាប់ប្រកាសបិទមិនឲ្យលេងល្បែងតាម Online នេះម្តងហើយដែរ ប៉ុន្តែក្រោយមក លោកប្រធានាធិបតីហ្វីលីពីន ក៏បានប្តូរចិត្តវិញ។ ដូច្នេះងាកមកស្ថានភាព នៅក្នុងប្រទេសកម្ពុជាវិញ គឺបញ្ហា ដែលរដ្ឋាភិបាលប្រកាសបិទល្បែងតាម អនឡាញ (Online) ត្រឹមបំណាច់ឆ្នាំ២០១៩នេះ ទំនងជាមិនទាន់ប្រាកដទេ ឬក៏អាចមានការប្រែប្រួលអ្វីក៏ថាបាន..៕