(តូក្យូ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១ គឺបានបញ្ជាក់ថា នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុនលោក Fumio Kishida បាន និយាយនៅថ្ងៃសុក្រ ទី០៨ ខែតុលាថា លោកបានឯកភាពក្នុងកិច្ចពិភាក្សាលើកដំបូងរបស់លោក ជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ពីតម្រូវការក្នុងការធ្វើការរួមគ្នាលើបញ្ហាដែលមាន កង្វល់រួមគ្នា។
លោក Kishida បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយមួយ ដែលផ្សាយដោយទូរទស្សន៍រដ្ឋ NHK បន្ទាប់ពីបាននិយាយទូរសព្ទជាមួយលោកស៊ី ជីនពីង ថា «ពិតណាស់ ខ្ញុំបានលើកឡើងពីកង្វល់ រវាងប្រទេសទាំងពីរ ហើយខ្ញុំបានស្នើថា យើងគួរតែបន្តកិច្ចសន្ទនាបន្ថែមទៀតនាពេលអនាគត»។
លោក Kishida បានបន្ថែមថា បញ្ហាដែលលោកបានលើកឡើងរួមមានដូចជាបញ្ហាជម្លោះកោះ ក៏ដូចជាបញ្ហាហុងកុង និងបញ្ហាជនជាតិភាគតិចអ៊ុយហ្គួរនៅតំបន់ស៊ីនជាំងផងដែរ។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតអំពីអ្វីដែលបាននិយាយនោះទេ»។
នាយករដ្ឋជប៉ុនដែលទើបតែឡើងកាន់អំណាចរូបនេះបានសង្កត់ធ្ងន់ទៀតថា «លោក ស៊ី និងខ្ញុំបាន យល់ព្រមធ្វើការរួមគ្នាលើបញ្ហាផ្សេងៗរួមទាំងកូរ៉េខាងជើងផងដែរ»៕