(ព្រះសីហនុ)៖ ក្រោមការយកចិត្តទុកដាក់ពីលោកអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ និងរដូវកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ មន្រ្តីសាខា ក.ប.ប. ខេត្តព្រះសីហនុ ដឹកនាំដោយលោក ខាន់ រ៉ាត់ ជាប្រធាន បានសហការជាមួយមន្ទីពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយបន្ថែម លើច្បាប់កិច្ចការពារអ្នកប្រើប្រាស់ និងប្រកាសអន្តរក្រសួង៣៣៨ ដល់អាជីវករលក់ដូរក្នុងផ្សារទំនប់រលក ម្ចាស់ម៉ាត ផ្សារទំនើប អាជីវករលក់ដូ តាមបណ្តោយឆ្នេរអូរឈើទាល។
នៅក្នុងប្រតិបត្តិការចុះអង្កេតទំនិញ នៅផ្សារខាងលើនេះ មន្រ្តីជំនាញ បានត្រួតពិនិ្យម្ហូបអាហារ វេចខ្ចប់ស្រាប់ និងធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមី ហាមឃាត់ដាច់ខាតលើគ្រឿងសមុទ្រស្រស់ (បង្គា មឹក) គុយទាវសសៃធំ ស្ពៃជ្រក់ និងតាមដានរកប៊ីចេងក្លែងក្លាយ ម៉ាកសញ្ញារូបវែក បិទផ្ទាំងផ្សព្វផ្សាយ ស្តីពីការស្វែងយល់អំពីការជ្រើសរើសម្ហូបអាហារ ដែលមានសុវត្ថិភាព។
មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើ ជាលទ្ធផល៖
*ពុំមានការដាក់តាំងលក់
ប៊ីចេងក្លែងក្លាយ ម៉ាកសញ្ញារូបវែកនោះទេ
*ពុំមានសារធាតុគីមី ហាមឃាត់ដាក់លាយ ក្នុងម្ហូបអាហារខាងលើនោះទេ
*បានរកឃើញ និងដកហូត ទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់
និងផលិតផលប្រើប្រាស់ ខូចគុណភាព ហួសកាលបរិច្ឆេទ និងកំពិតប្រមាណណ ៧៥៩កញ្ចប់ ដប
ប្រអប់ កំប៉ុង ដប ស្មើនឹង១១២.៩៩គីឡូក្រាម
បន្ទាប់មកទំនិញ ដែលខូចគុណភាពខាងលើ ត្រូវបានមន្រ្តីជំនាញបានយកមករក្សាទុក នៅសាខារង់ចាំអនុវត្តនីតិវិធីបន្ត និងបានធ្វើការណែនាំដល់ អាជីវករក្នុងផ្សារ ផ្សារទំនើប និងម្ចាស់ម៉ាត ទាំងអស់ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា និងច្បាប់កិច្ចការពារអ្នកប្រើប្រាស់៕