(ភ្នំពេញ)៖ ដោយទទួលបានការឧបត្ថម្គគាំទ្រពីអង្គការសាមគ្គីអូឡាំពិក (OS) គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡាដល់មន្ត្រី-ថ្នាក់ដឹកនាំកីឡា គ្រូអប់រំកាយ និងកីឡា នៅខេត្តតាកែវ រយៈពេល ៤ថ្ងៃកាលពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា នេះជាកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ ដែលបានអនុម័តដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC និងផ្តល់កិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា។ វគ្គនេះមានសារៈសំខាន់ណាស់ ដើម្បីបញ្ជ្រាបចំណេះដឹងរដ្ឋបាលកីឡា ក៏ដូចជាបានបញ្ជ្រាបការផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជូនដល់សិក្ខាកាមទាំងអស់ផងដែរ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដដែលបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការចែករំលែកចំណេះដឹងពីគ្រូឧទ្ទេសទាំងអស់ នឹងធ្វើឲ្យសិក្ខាកាម ដែលជាមន្ដ្រីកីឡា និងគ្រូអប់រំកាយ និងកីឡា ប្រចាំខេត្តនេះ ទទួលបាននូវអត្ថប្រយោជន៍ និងចំណេះដឹងកីឡាថ្មីៗ ដើម្បីជួយជំរុញឲ្យវិស័យកីឡានៅខេត្តតាកែវកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
លោក ឯម ហៀង ប្រធានគណៈគ្រប់គ្រងវគ្គសិក្សា NOCC បញ្ជាក់ថា នេះជាវគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡាមួយ ក្នុងចំណោម ៤វគ្គ នៃផែនការរបស់គណៈកម្មាថិការជាតិអូឡាំពិកកម្ពុជា ប្រចាំឆ្នាំ២០២១ នេះ និងជាវគ្គទី២ បន្ទាប់ពីបានបញ្ចប់វគ្គលើកទី១ នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ហើយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងបន្ដរៀបចំទៅ ២ខេត្តទៀត នាពេលលខាងមុខ គឺខេត្តកែប និងខេត្តរតនគីរី។
សម្រាប់វគ្គរដ្ឋបាលកីឡានៅខេត្តតាកែវ គឺមានសិក្ខាកាមចូលរួមចំនួន ២៥នាក់ ដោយសិក្សាតាមប្រព័ន្ធអនឡាញ ក្រោមការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ៣នាក់ រួមមានលោកព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុខ សារឿន ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡា អម NOCC លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិតនៃក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC៕