ប្រទេសវៀតណាមអនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំងកូវីដ១៩ Abdala របស់ប្រទេសគុយបា

(ហាណូយ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា នៅថ្ងៃសៅរ៍នេះ វៀតណាមបានឲ្យដឹងថា ខ្លួនបានអនុម័តឲ្យ ប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ប្រទេសគុយបា ឈ្មោះថា «អាប់ដាឡា (Abdala)» ខណៈប្រទេសអាស៊ានមួយនេះ កំពុងបន្តប្រយុទ្ធតទល់ជាមួយ រលកឆ្លងរាតត្បាតដ៏អាក្រក់។

រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា វ៉ាក់សាំង Abdala ត្រូវបាន អនុម័តឲ្យប្រើប្រាស់ ដោយផ្អែកទៅលើ តម្រូវការចាំបាច់របស់ប្រទេសវៀតណាម ក្នុងការប្រយុទ្ធ ប្រឆាំងជំងឺ COVID-19។ កាលពីខែសីហាកន្លងទៅ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសថា គុយបានឹងផ្គត់ផ្គង់វ៉ាក់សាំង Abdala ក្នុងចំនួនច្រើន ឲ្យវៀតណាម ហើយផ្ទេរបច្ចេកវិទ្យាផលិត មុនដាច់ឆ្នាំ២០២១នេះ។

វ៉ាក់សាំងគុយបា Abdala គឺជាវ៉ាក់សាំងទី៨ហើយ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ នៅវៀតណាម ដែលជាប្រទេសមានអត្រាចាក់វ៉ាក់សាំង COVID-19 ដ៏ទាបបំផុតមួយ នៅក្នុងតំបន់។ មកទល់ពេលនេះ ក្នុងចំណោមប្រជាជនវៀតណាមសរុប ជិត១០០លាននាក់ គឺត្រឹមតែជាង៦ភាគ រយប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស។ រីឯករណីឆ្លងសរុបនៅវៀតណាមវិញ គឺបានកើន ដល់ ៦៦៧,៦៥០នាក់ និងស្លាប់១៦,៦៣៧នាក់។

គួរបញ្ជាក់ថា វ៉ាក់សាំង Abdala គឺជាវ៉ាក់សាំងប្រភេទចាក់៣ដូស។ បើតាមការអះអាងរបស់គុយបា កាលពីខែមិថុនា ឆ្នាំ២០២១ វាមានប្រសិទ្ធភាព៩២.២៨ភាគរយ ក្នុងលទ្ធផលនៃការធ្វើតេស្ត ដំណាក់កាលចុងក្រោយ៕