(បាងកក)៖ គណៈកម្មាធិការគោលនយោបាយកៅស៊ូជាតិថៃ បានអនុម័តជាគោលការណ៍ នូវ គម្រោងធានាតម្លៃកៅស៊ូសម្រាប់ឆ្នាំ២០២១-២០២២ ដោយនឹងផ្តល់ថវិកាប្រមាណ១០ ពាន់លាន បាត សម្រាប់គម្រោងប្រចាំឆ្នាំ ដែលប្រតិបត្តិការរយៈពេល៣ឆ្នាំជាប់ៗគ្នា ដើម្បីធានាកុំឲ្យតម្លៃ កៅស៊ូនៅលើទីផ្សារធ្លាក់ចុះក្រោមស្តង់ដារ។
លោក Thanakorn Wangboonkongchana អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយថាគម្រោងនេះ នឹងគ្របដណ្តប់លើកសិករ ១.៨លានគ្រួសារ ជាមួយចម្ការកៅស៊ូដែលមានទំហំសរុប១៧លានរ៉ៃ (២,៧២០,០០០ហិកតា)។
យោងតាមគម្រោងផែនការ ធានាតម្លៃកៅស៊ូ កសិករនឹងទទួលបានការធានានូវតម្លៃអតិបរមា ៦០បាតក្នុងមួយគីឡូក្រាមសម្រាប់ជ័រកៅស៊ូដើម ៥៧បាតក្នុងមួយគីឡូក្រាមសម្រាប់ជ័រកៅស៊ូរាវ និង២៣បាតក្នុងមួយគីឡូក្រាមសម្រាប់ជ័រកៅស៊ូកក ដែលកំណត់ត្រឹម២៥រ៉ៃក្នុងមួយគ្រួសារ។ ហើយម្ចាស់ចម្ការ ត្រូវផ្តល់ឱ្យកសិករចៀជ័រកៅស៊ូ ៤០% នៃតម្លៃដែលទទួលបាន។
គម្រោងនេះ នឹងត្រូវគ្រប់គ្រងដោយធនាគារកសិកម្ម និងសហករណ៍កសិកម្មរបស់រដ្ឋ ដែលនឹង អនុវត្តចាប់ពីខែតុលាឆ្នាំ២០២១ ដល់ខែកញ្ញាឆ្នាំ ២០២២។ ក្រសួងគ្រោងនឹងស្នើគម្រោងនេះទៅគណៈរដ្ឋមន្ត្រីដើម្បីអនុម័ត នៅខែក្រោយ។
លោក ប្រាយុទ្ធ ចាន់អូចា នាយរដ្ឋមន្រ្តីថៃ បានបញ្ជាឲ្យអ្នកពាក់ព័ន្ធតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីប្រាកដថា គ្មានអំពើពុករលួយ ហើយបានថវិកាបានទៅដល់ដៃកសិករពិតប្រាកដ។
តាមរបាយការណ៍របស់អាជ្ញាធរកៅស៊ូថៃបាន ឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា តម្លៃជ័រកៅស៊ូ ដើមមានតម្លៃ៤៨.៤០បាតក្នុងមួយគីឡូក្រាម និងជ័រកៅស៊ូរាវមានតម្លៃ ៤៨.៥០បាតក្នុងមួយគីឡូ ក្រាម៕