(តៃប៉ិ)៖ តាមប្រភពពីក្រសួងការពារជាតិកោះតៃវ៉ាន់ ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១ បញ្ជាក់អោយដឹង ថា រដ្ឋាភិបាលកោះតៃវ៉ាន់បានស្នើសុំកញ្ចប់ថវិកាបន្ថែម ៨.៦៩ ពាន់លានដុល្លារបន្ថែមលើវិស័យ ការពារជាតិ សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍអាវុធទំនើបៗ ប្រឈមមុខនឹងការគំរាម កំហែងកាន់តែធ្ងន់ធ្ងរពីចិន។
ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹង តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួនថា កញ្ចប់ថវិការខាងលើ នឹងត្រូវប្រើប្រាស់ ដោយផ្តោតសំខាន់ទៅលើមីស៊ីលចង្អុលប្រាប់ទិស ឬគ្រូសមីស៊ីល (Cruise Missile) និងនាវាចម្បាំងថ្មីៗ។ ប៉ុន្តែទន្ទឹមគ្នាកញ្ចប់ថវិការទាំងនេះក៏ត្រូវបានគេរំពឹងថា នឹងហូរចូល ទៅក្នុងហោប៉ាវរបស់សហរដ្ឋអាមេរិក ដែលជាអ្នកលក់អាវុធដ៏ធំរបស់តៃវ៉ាន់ផងដែរ។
សូមបញ្ជាក់ថា ការស្នើកញ្ចប់ថវិកាបន្ថែមខាងលើ ធ្វើឡើងក្រសួងការពារជាតិកោះតៃវ៉ាន់ ត្រូវបាន គេរំពឹងខ្ពស់ថា នឹងត្រូវសភាតៃវ៉ាន់អនុម័ត ដ្បិតគណបក្សកាន់អំណាចរបស់ លោកស្រីប្រធានាធិបតី ត្សៃ អ៊ីងវិន (Tsai Ing-wen) កំពុងគ្រប់គ្រងសំឡេងភាគច្រើនក្នុងសភាជាតិ។ គម្រោងទិញលក់អាវុធនេះ ប្រាកដណាស់នឹងទទួលការថ្កោលទោសបន្ថែមទៀត ពីសំណាក់ទីក្រុង ប៉េកាំងជាក់ជាមិនខាន ខណៈតៃវ៉ាន់ត្រូវបានចាត់ទុក ត្រឹមតែជាខេត្តមួយចិនប៉ុណ្ណោះ៕