(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបលោក Pablo Chiho Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា ដោយពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី និងបានចុះកិច្ចព្រម ព្រៀងសហប្រតិបត្តិការស្តីពី «ការលើកកម្ពស់សុវត្ថិភាពសំណង់ក្នុងព្រះរាជាណាចក្រកម្ពុជា»។
កិច្ចពិភាក្សាគ្នានេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ស្ថាប័នទាំងពីរមួយចំនួន ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ»។
កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាព និងសុខភាពនៅការ ដ្ឋានសំណង់ស្របតាមច្បាប់ស្តីពី សំណង់ ដែលបានដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ៕